Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សិស្សនិស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតជាង ២រយនាក់ទទួលបានការបណ្តុះបណ្តលពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកសមត្ថភាពដល់ សិស្ស និស្សិត បានយល់ដឹងពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម បដិរូប គោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ និងធ្វើការផ្សព្វផ្សាយបន្តដល់មិត្តភក្តិ និងសហគមន៍ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានសហការជាមួយសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពតបើកវគ្គផ្សព្វផ្សាយជូនដល់ សិស្ស និស្សិត ប្រមាណជាង ២រយនាក់។

នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារកាកបាទក្រហមកម្ពុជា បានសហការជាមួយសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត បើកវគ្គផ្សព្វផ្សាយស្តីពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះ កាកបាទក្រហមកម្ពុជា និងច្បាប់មនុស្សធម៌អន្តរជាតិ ជូនដល់ សិស្ស និស្សិត ចំនួន ២៣១នាក់ ក្នុងនោះស្រី ១៧០នាក់ ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ លោក មុំ ក្រឹង នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងលោក មិន ជាតិ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត។

លោក មុំ ក្រឹង នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានឱ្យដឹងថា វគ្គផ្សព្វផ្សាយក្នុងថ្ងៃនេះគឺមានគោលបំណង ដើម្បីពង្រឹង និងពង្រីកសមត្ថភាពដល់ សិស្ស និស្សិត ក្នុងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពត ឱ្យបានយល់ដឹងច្បាស់អំពីប្រវត្តិចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម បដិរូប គោលការណ៍គ្រឹះ និងច្បាប់មនុស្សធម៌អន្តរជាតិ និងធ្វើការផ្សព្វផ្សាយបន្តដល់មិត្តភក្តិ និងសហគមន៍។ លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ក៏បានជំរុញឱ្យសិស្ស និស្សិត ទាំងអស់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ត្រូវយកចិត្តទុកដាក់ត្រង់ត្រាប់ស្តាប់នូវការពន្យល់របស់វាគ្មិនដែលលើកយកប្រធានបទសំខាន់ៗមកបង្ហាញ ហើយក្រោយពីទទួលបានវគ្គបណ្តុះបណ្តាលនេះរួច សូមបន្តធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មិត្តភក្តិ និងសហគមន៍។

ជាមួយគ្នានេះដែរ លោក គង់ វង្សសីហ៍វិសាល ប្រធានការរិយាល័យផ្សព្វផ្សាយ នៃនាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា ក៏បានលើកយកនូវប្រធានបទសំខាន់ៗចំនួន ៦មកបង្ហាញដល់ សិស្ស និស្សិត ដែលបានចូលរួមក្នុងវគ្គផ្សព្វផ្សាយនេះ ក្នុងនោះរួមមាន ៖ ទី១-ប្រវត្តិចលនាអន្តរជាតិ នៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ទី២-សមាសភាគ របស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ទី៣-លក្ខណៈវិនិច្ឆ័យ១០យ៉ាងនៃការទទួលស្គាល់សមាគមជាតិ, ទី៤-គោលការណ៍គ្រឹះ ៧ប្រការ របស់អន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម, ទី៥-បដិរូបនៃភាពមនុស្សធម៌, ទី៦-ព្រះរាជក្រឹត្យស្តីពីការប្រើប្រាស់ និងការការពារ បដិរូបកាបាទក្រហម និងអឌ្ឍចន្ទក្រហម, ទី៧-ប្រវត្តិកំណើតកាកបាទក្រហមកម្ពុជា និងទី៨-មូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត












Post a Comment

0 Comments