ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមធិបតិភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នាសាលសន្និសីទបូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ឆ្នាំនេះខេត្តកំពតទទួលបានកិត្តិយសធំណាស់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសយកខេត្តដើម្បីធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធធ្វើពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីឱ្យស័កសមជាម្ចាស់ផ្ទះនៃពិធីបុណ្យសមុទ្រ និងជាខេត្តដែលមានសក្តានុពលផ្នែកទេសចរណ៍ ឯកឧត្តមស្នើដល់មន្ទីរអង្គភាពជុំវិញខេត្ត ពិសេសវិស័យឯកជនទាំងអស់ ចូលរួមរៀបចំកែលម្អសោភ័ណភាពជុំវិញទីតាំងរបស់ខ្លួន ដោយរៀបចំក្រាលការ៉ូម៉ាប នឹងបន្តតុបតែងលម្អភ្លើងពណ៌ឱ្យបានស្អាតបន្ថែមទៀត ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងការធ្វើជាម្ចាស់ផ្ទះបុណ្យសមុទ្រឆ្នាំនេះ។
ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តបានបន្តថា កំពតគឺជាខេត្តប៉ូលទេសចរណ៍មួយក្នុងប្រទេសកម្ពុជា ហើយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចបានដាក់ចេញនូវកិច្ចចង្អុលការឱ្យខេត្តដែលជាគោលដៅទេសចរណ៍ទាំងអស់ ត្រូវតែពង្រីកសក្តានុពល បង្កើននូវការអូសទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តឱ្យបានច្រើនពិសេសត្រូវកែច្នៃ រៀបចំបន្ថែមនូវទីតាំង និងកន្លែងផ្តល់សេវាទេសចរណ៍ឱ្យបានច្រើន។ ឯកឧត្តមអភិបាលខេត្តរំពឹងថា ក្រោយនាឡិការយក្សដែលមានកម្ពស់ ៣៥ម៉ែត្រ ស្ថាបនារួចរាល់ កំណើនភ្ញៀវទេសចរនិងមានការកើនឡើង ហើយនឹងធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើឡើងបន្ថែមទៀត។សូមបញ្ជាក់ថា រយៈពេលជិត ៣ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អាជ្ញាធរខេត្តបានចាត់ទុកការអភិវឌ្ឍវិស័យទេសចរណ៍ជាចំបង ដោយបានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតុបតែងលម្អភ្លើងពណ៌តាមទីសាធារណៈសំខាន់ៗក្នុងខេត្ត បង្កើតឱ្យមានកន្លែងកម្សាន្តថ្មីៗ ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក នឹងនាឡិការយក្ស។ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យម្ចាស់អាជីវកម្ម អាជីវករ ដែលបម្រើ និងផ្តល់សេវាកម្មផ្នែកទេសចរណ៍ត្រូវរក្សាឱ្យបាននូវស្ថេរភាពតម្លៃម្ហូបអាហារ សេវាស្នាក់នៅ ក្នុងន័យចូលរួមទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តកាន់តែច្រើនបន្ថែមទៀត ពិសេសក្នុងពិធីបុណ្យសមុទ្រដែលនឹងធ្វើឡើងនៅក្នុងខេត្តកំពតនាពេលខាងមុខនេះ៕
0 Comments