នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពតបានប្រារព្ធពិធីអបអរសាទរ «រុក្ខទិវា» ៩ កក្កដា ឆ្នាំ២០២៤ ដោយដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម មានប្រវែង ៣គីឡូម៉ែត្រ នៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ក្រោមធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណជាង ៦០០នាក់។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានគូសបញ្ជាក់ថា ក្រោមការយកចិត្ដទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយដាំព្រៃឈើឡើងវិញក្នុងក្របខ័ណ្ឌទូទាំងប្រទេសត្រូវបានអនុវត្ដយ៉ាងសកម្ម ដោយផ្សារភ្ជាប់ការងារដាំឈើនេះ និងការថែរក្សាការពារអភិរក្សធនធានធម្មជាតិដែលជាទ្រព្យសម្បត្ដិព្រៃឈើរបស់ជាតិ និងការប្រើប្រាស់ព្រៃឈើឱ្យបានត្រឹមត្រូវតាមវិចារណញ្ញាណ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការដាំកូនឈើ និងដាំកូនត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ នៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ដ៏វិសេសវិសាលនាពេលនេះ គឺដើម្បីទុកជាប្រវត្តិសាស្រ្ត និងបំផុសឱ្យយុវជនជំនាន់ក្រោយឱ្យស្រឡាញ់ព្រៃឈើនិងដើមត្នោត ហើយអ្វីកាន់តែពិសេសសម្រាប់ជាតិខ្មែរ ការដាំដើមត្នោត ពិតជាមានតម្លៃឥតគណនា ដោយសារត្នោតផ្តល់អត្ថប្រយោជន៍យ៉ាងពិសេស ហើយដើមត្នោតក៏ជាអត្តសញ្ញាណជាតិខ្មែរផងដែរ។ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ខណ្ឌរដ្ឋបាលព្រៃឈើកំពត ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិ-ឃុំ-ស្រុក ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តដាំកូនត្នោត និងកូនឈើនៅឆ្នាំបន្តបន្ទាប់នៅគ្រប់ផ្លូវតាមខ្សែក្រវ៉ាត់ព្រំដែន ដើម្បីសម្រាប់លំអសោភ័ណ្ឌភាពនៅតាមផ្លូវទាំងនេះ និងទុកជាប្រវត្តិសាស្រ្ត។ ជាមួយគ្នានេះដែរ អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ថែរក្សាការពារព្រៃភ្នំធម្មជាតិ ដោយបន្តការរៀបចំ និងពង្រឹងសហគមន៍ព្រៃឈើ បន្តយកចិត្តទុកដាក់ទប់ស្កាត់នូវរាល់សកម្មភាពបំផ្លាញព្រៃឈើដូចជា ការកាប់ឈើ និងការកាប់រាន ដុត ឈូសឆាយហ៊ុំព័ទ្ធយកដីព្រៃឈើ ព្រៃភ្នំដែលជាដីសាធារណៈរបស់រដ្ឋឱ្យដូចជាភ្លៀងរលឹម។
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានឱ្យដឹងថា យោងតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងខណ្ឌរដ្ឋបាលព្រៃឈើកំពត បានធ្វើការបណ្តុះគ្រាប់ត្នោត ទុកចែកជូនប្រជាកសិករដែលរស់នៅតាមព្រំដែន កម្ពុជា-វៀតណាម ពី៤ទៅ៥កូនត្នោតក្នុង ១គ្រួសារ ក្នុងគោលបំណងដើម្បីដាំរក្សាទុកជាប្រវតិ្តសាស្រ្ត និងដើម្បីឱ្យកូនចៅជំនាន់ក្រោយឱ្យបានស្គាល់ និងទុកជាប្រយោជន៍។ លោកប្រធានមន្ទីរបានបន្តថា ក្រោយមានការណែនាំ ការដាំដើមត្នោតនៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ត្រូវបានធ្វើឡើងចំនួន៣លើកក្នុងស្រុកកំពង់ត្រាច ដែលលើកទី១ នៅឆ្នាំ២០២២ ដាំដើមត្នោតចំនួន ៥.០០០ដើម, លើកទី២ នៅឆ្នាំ២០២៣ ដាំដើមត្នោតចំនួន ៧.៥០០ដើម និងលើកទី៣នេះ ដាំដើមត្នោតចំនួន ៤.៥០០ដើម នៅសងខាងផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ប្រវែង ៣គីឡូម៉ែត្រ នៅចំណុចកោះវែង ភូមិកោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ហើយក្នុងនេះដែរក៏ មានកូនឈើគ្រញូង បេង នាងនួន ឈើទាល គគីរ សរុបចំនួន ១.០០០ដើម សម្រាប់ចែកចាយជូនអង្គភាពរដ្ឋ សាលារៀន វត្តអារាម និងបងប្អូនប្រជាពលរដ្ឋផងដែរ៕
0 Comments