អាជ្ញាធរស្រុកទឹកឈូបានបញ្ជាក់ថា ដើម្បីលើកកម្ពស់ធនធានធម្មជាតិ ស្តារដីគម្របព្រៃឈើឡើងវិញ ពិសេសលម្អសោភ័ណភាព និងទេសភាពបៃតង រដ្ឋបាលស្រុកបានដឹកនាំមន្ត្រីរាជការ កងកម្លាំង យុជវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋឲ្យចូលរួមដាំដើមត្របែកព្រៃ៥០០ដើមបន្ថែមនៅតំបន់រមណីយដ្ឋានភ្នំសដែលទើបង្កើតថ្មី។យុវជនបានបង្ហាញក្តីរីករាយក្នុងការចូលរួម ព្រោះចង់ឃើញទេសចរមកលេងកាន់តែច្រើន។
អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានបញ្ជាក់ថា ភ្នំសមានប្រវត្តិជាយូរលង់ណាស់មកហើយ ទីនេះមានភ្នំពីរ នៅពេលដែលឡើងដល់កំពូលភ្នំ គេអាចគយគន់ទេសភាពដ៏ស្រស់ស្អាតរបស់ក្រុងកំពត ក៏ដូចជាទេសភាពស្រែចំការ និងជួរភ្នំនៅជុំវិញតំបន់នោះ ពិសេសសម្រស់ថ្ងៃលិច និងថ្ងៃរះ។ ភ្នំសជាកន្លែងសក្ការៈបូជា និងជាទីប្រតិបត្តិធម៌តាមបែបសាសនាផងដែរ ហើយពលរដ្ឋតែងតែទៅបន់ស្រន់ បួងសួងសុំសេចក្តីសុខ និងជឿថាកន្លែងនោះមានបារមីស័ក្តិសិទ្ធ។ ដោយឃើញសក្តានុពលដូច្នេះហើយ ទើបរដ្ឋបាលស្រុកផ្តួចផ្តើមរៀបចំបង្កើតភ្នំសឲ្យក្លាយជាតំបន់រមណីយដ្ឋានថ្មីមួយ ហើយដើម្បីលើកកម្ពស់ធនធានធម្មជាតិ ស្តារដីគម្របព្រៃឈើឡើងវិញ ពិសេសលម្អសោភ័ណភាព និងទេសភាពបៃតងនៅតំបន់រមណីយដ្ឋានភ្នំសផងនោះ ទើបរដ្ឋបាលខេត្តរៀបចំកម្មវិធីដាំដើមត្របែកព្រៃ និងដើមក្ងោកនៅព្រឹកថ្ងៃទី ២៦ ខែកក្កដានេះ។ក្រុមយុវជនចូលរួមដាំដើមត្របែកព្រៃ និងដើមក្ងោកបានបង្ហាញភាពសប្បាយរីករាយ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោកអភិបាលស្រុកក្នុងការរៀបចំតំបន់ភ្នំស ឲ្យទៅជារមណីយដ្ឋានដ៏ទាក់ទាញ ព្រោះទីនេះមានសក្កានុពល នៅជិតក្រុង ផ្លូវងាយស្រួលធ្វើដំណើរ និងមានទេសភាព បរិយាកាសល្អ ។ ពួកគេចង់ឲ្យពលរដ្ឋក្នុងមូលដ្ឋានចូលរួមសម្អាតអនាម័យបរិស្ថាន ចូលរួមដាំ និងថែរក្សាដើឈើឲ្យលូតលាស់ល្អ ។
តាមការបញ្ជាក់ ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកទឹកឈូ បានបើកធ្វើយុទ្ធនាការដាំដើមឈើប្រណិត និងដើមឈើលម្អ បានចំនួន ៥.០០០ដើមហើយ ក្នុងនោះមាននៅអម តាមដងផ្លូវទៅរមណីយដ្ឋានទឹកឈូ ផ្លូវទៅទំបន់ប្រទាក់ក្រឡា ផ្លូវមកកាន់តំបន់ភ្នំស និងដាំដើមត្របែកព្រៃនៅជម្រាលភ្នំស ដែលជាលើកទី៣នៅព្រឹកនេះ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments