Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានសមាគមនារីខេត្តកំពតនាំយកទៀនចំណាំព្រះវស្សាប្រគេនទីអារាមក្នុងក្រុងកំពត

ដោយសេចក្តីជ្រះថ្លាក្នុងពុទ្ធសាសនា កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ លោកជំទាវ ហ៊ុនចាន់ធី ម៉ៅធនិន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពតនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានមួយចំនួនប្រគេនព្រះសង្ឃ គណ:កម្មការវត្តត្រើយកោះក្នុងសង្កាត់ត្រើយកោះ និងវត្តព្រះពុទ្ធជ័យមង្គលារាម )ហៅវត្តវាលពួច) ស្ថិតនៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពតមុនពិធីកាន់វស្សាចូលមកដល់នាពេលដ៏ខ្លីខាងមុខ។

លោកជំទាវប្រធានសមាគមបានមានប្រសាសន៍ថា ចូលព្រះវស្សាជាពិធីបុណ្យមួយដែលមិនអាចរំលងបានក្នុងព្រះពុទ្ធសាសនា។ អំឡុងពិធីនេះជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេត្រូវបង្កើនការរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ លោកជំទាវបានបញ្ជាក់ថា បងប្អូនដែលជាអ្នកមានជំនឿលើព្រះពុទ្ធសាសនាតែងនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗប្រគេនព្រះសង្ឃតាមលទ្ធភាព។  ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ ការប្រគេនទៀនចំណាំវស្សាដល់ព្រះសង្ឃជាកិច្ចចាំបាច់សម្រាប់ពលរដ្ឋខ្មែរដែលកាន់ព្រះពទ្ធសាសនាព្រោះពន្លឺទៀននឹងជួយបំភ្លឺអនាគតជាតិឱ្យស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អតាមរយ:ការរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់ រយៈពេលបីខែ។ ម្យ៉ាងទៀត នេះជាការជួយដល់វត្តអារាមដើម្បីបានដុតបំភ្លឺនៅពេលយប់។

សូមបញ្ជាក់ថា ទេយ្យទានដែលលោកជំទាវប្រធានមាគមនាំយកទៅប្រគេនព្រះសង្ឃក្នុងវត្តនីមួយៗ រួមមាន: ទៀនចំណាំព្រះវស្សា១គូ អង្ករ២បាវ ត្រីខ៥យួរ ស្ករស៥គីឡូក្រាម ទឹកស៊ីអ៉ីវ៥យួរ ប្រេងឆា២ដបធំ តែ៥កញ្ចប់ ធូប៥ដុំ ប៊ីចេង៥គីឡូក្រាម មី៥កេស កាហ្វេ២កញ្ចប់ធំ ទឹកត្រី៥យួរ ត្រីងៀត៥គីឡូក្រាម ទឹកក្រូច និងទឹកផ្លែឈើ៥កេស សៀង១០គីឡូក្រាម ខ្ទឹមស៥គីឡូក្រាម សាប៊ូម្សៅ៥កញ្ចប់ ផ្កាឈូក៧ទង ទឹកបរិសុទ្ធ៥កេស និងបច្ច័យចំនួន៥០ម៉ឺនរៀល៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments