Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការប្រកួតបាល់ទាត់រវាងក្រុមថ្នាក់ដឹកនាំខេត្តកំពត-កែប និងក្រុមតារាកម្ពុជាមានអ្នកគាំទ្រជាង១ម៉ឺននាក់

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពរវាងក្រុមតារាកម្ពុជា ជាមួយក្រុមកីឡាករថ្នាក់ដឹកនាំខេត្តកំពត-កែប ក្រោមប្រធានបទ “រួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ” បានបញ្ចប់ទៅដោយជោគជ័យ ដោយក្រុមកីឡាករថ្នាក់ដឹកនាំខេត្តកំពត-កែបឈ្នះក្នុងលទ្ធផល២-១។ តាមការបញ្ជាក់របស់ថ្នាក់ដឹកនាំខេត្តថា ការប្រកួតនេះមានអ្នកទស្សនាជាង ១ម៉ឺននាក់ ខណៈដែលអ្នកគាំទ្រ និងក្រុមតារាកម្ពុជាបានបង្ហាញអារម្មណ៍រំភើបរីករាយ និងពេញចិត្តយ៉ាងខ្លាំងចំពោះការរៀបចំរបស់រដ្ឋបាលខេត្ត។ 

ឯកឧត្ដម អ៊ឹង ឆាយ អភិបាលរងខេត្តកំពត បានឱ្យដឹងថា ជំនួសមុខឱ្យថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ឯកឧត្ដមពិតជាមានមោទកភាព ដែលខេត្តកំពតបានធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់មិត្តភាព ដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើកពីការរំពឹងទុក។ ព្រឹត្តិការណ៍ប្រកួតនេះបានធ្វើឱ្យកក្រើកពហុកីឡដ្ឋានខេត្ត ហើយមិនត្រឹមតែបានផ្តល់នូវភាពសប្បាយរីករាយទេ ថែមទាំងបានបង្ហាញអត្ថន័យយ៉ាងជ្រាលជ្រៅ អំពីការរួមសាមគ្គីគ្នាគាំទ្រកម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ។

ក្រុមយុវជនដែលមកចូលរួមទស្សនាការប្រកួតកីឡាបាល់ទាត់ដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ព្រោះព្រឹត្តិការណ៍នេះ បានលើកស្ទួយវិស័យកីឡាផង សិល្បៈផង ពិសេសដើម្បីគាំទ្រ និងផ្សព្វផ្សាយគម្រោងព្រែកជីកហ្វូណន ដែលជាព្រែកជីកប្រវត្តិសាស្ត្រព្រមទាំងផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋក្នុងប្រទេសទាំងមូល។

ចំណែកឯក្រុមកីឡាករបាល់ទាត់តារាកម្ពុជាវិញ ក៏បានបង្ហាញនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព ដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ របស់រដ្ឋបាលខេត្តកំពត ថាពិតជាល្អទាំងការរៀបចំទីលាន ការការពារសណ្តាប់ធ្នាប់ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់អាជ្ញាធរខេត្ត ហើយអ្វីកាន់តែរំភើបប្លែកទៀតនោះ គឺការមកចូលរួមទស្សនាគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋខេត្តកំពត។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ បានឆ្លងកាត់ខេត្តចំនួន៤ ក្នុងនោះមានខេត្តកណ្តាល តាកែវ កំពត និងកែប។ ដោយឡែកក្នុងភូមិសាស្ត្រខេត្តកំពត ព្រែកជីកហ្វូណនតេជោ បានឆ្លងកាត់ស្រុកចំនួន៣ រួមមានស្រុកអង្គរជ័យ បន្ទាយមាស និងស្រុកកំពង់ត្រាច ថ្នាកដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពត បានសំដែងការគាំទ្រយ៉ាងពេញទំហឹង និងចូលរួមសហការគ្រប់រូបភាពដើម្បីជំរុញដល់ការស្ថាបនាគម្រោងព្រែកជីកនេះឱ្យលេចចេញជារូបរាង៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង






















Post a Comment

0 Comments