អ្នកដឹកនាំខេត្តកំពតអំពាវនាវដល់ដល់ប្រជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងខេត្តកំពតឱ្យចូលរួមទស្សនាការប្រកួតបាល់ទាត់ រវាងក្រុមកីឡាថ្នាក់ដឹកនាំខេត្តកំពត-កែប ជាមួយក្រុមបាល់ទាត់តារាកម្ពុជា នៅថ្ងៃអាទិត្យស្អែក វេលាម៉ោង២រសៀល នៅទីលានកីឡដ្ឋានខេត្តកំពត ក្បែររង្វង់មូលទុរេន ដើម្បីបង្ហាញការគាំទ្រ អបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ និងស្វែងយល់អំពីអត្ថបប្រយោជន៍នៃព្រែកជីកដ៏មានសារៈសំខាន់នេះ។
ឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្រុមការងារថ្នាក់ដឹកនាំនៃគណៈអភិបាលខេត្តទាំងអស់ បាននាំគ្នាមកហាត់សមលេងបាល់ទាត់ ដើម្បីត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់អប់អរសាទរ និងគាំទ្រការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងធ្វើនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ។ ឯកឧត្តមបានបាន្តថា ថ្នាក់ដឹកនាំខេត្តកំពតពេញចិត្តយ៉ាងខ្លាំង ក្នុងការចូលរួមក្នុងការប្រកួតនេះ ទោះជាខានលេងយូរ ឈឺខ្លួនខ្លះក៏ពិតមែន ប៉ុន្តែវាជាមោទនភាពដែលកម្ពុជានឹងទទួលបានសមិទ្ធផលប្រវត្ថិសាស្ត្រថ្មី គឺព្រែកជីកហ្វូណនតេជោ ដែលបានឆ្លងកាត់ស្រុកចំនួន ៣ស្រុក (អង្គរជ័យ បន្ទាយមាស និងកំពង់ត្រាច) នៃខេត្តកំពត។
ឯកឧត្តមបានបន្ថែមថា ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នៅរសៀលថ្ងៃស្អែកនេះ ពិតជានឹងផ្តល់ជូននូវភាពសប្បាយរីករាយ បង្កើនសាមគ្គីភាព និងទទួលបានភាពជោគជ័យទាំងអស់គ្នា គឺជោគជ័យដែលយើងមានប្រមុខថ្នាក់ដឹកនាំល្អ នាំមកនូវសមិទ្ធផលថ្មីៗសម្រាប់ប្រទេសនឹងប្រជាជន។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរសូមចូលរួមទស្សនាការប្រកួតបាល់ទាត់ឱ្យបានច្រើនកុះករ ដើម្បីឱ្យបានដឹងពីអត្ថបប្រយោជន៍ដែលទទួលបានពីព្រែកជីកហ្វូណនតេជោ ដ៏មានសារៈសំខាន់នេះ។
មកដល់ថ្ងៃនេះ ការរៀបចំផ្សេងៗ ទាំងទីលាន ការងារបច្ចេកទេស និងកីឡាករ រដ្ឋបាលខេត្តបានត្រៀមលក្ខណៈរួចរាល់អស់ហើយ ម្យ៉ាងទៀតក្នុងកម្មវិធីប្រកួតនេះ ក៏មានការផ្សព្វផ្សាយឱ្យបានទូលំទូលាយនៃសារៈសំខាន់ និងអត្ថបប្រយោជន៍ព្រែកជីកហ្វូណនតេជោ ជូនដល់បងប្អូនប្រជាពលរដ្ឋ យុវជន និងអ្នកដែលបានចូលរួមទស្សនាផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments