រដ្ឋមន្ត្រីក្រសួងព័ត៍មានបានបញ្ជាក់ថា ក្រសួងព័ត៍មាន និងមន្ទីរព័ត៌មានមិនមែនមានតួនាទីត្រឹមតែទៅយកព័ត៍មាន ហើយផ្សាយព័ត៌មានឲ្យត្រឹមត្រូវតាមវិជ្ជាជីវៈនោះទេ គឺត្រូវចេះគិតអំពីយុទ្ធសាស្ត្រ និងគោលនយោបាយព័ត៌មានសម្រាប់ប្រទេសផងដែរ។ សម្រាប់អាណត្តិទី៧នេះ ក្រសួងនិងមន្ទីរព័ត៌មានជាសេនាធិការរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តធ្វើការងារគ្រប់គ្រងសាធារណៈមតិ និងសតិអារម្មណ៍ប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងដំណើរអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់អគារស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ នៅលើភ្នំបូកគោ និងសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរព័ត៍មានខេត្តកំពត នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧នៃរដ្ឋសភា បាននិងកំពុងជំរុញការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពចំនួន ៦ចំណុច និងបានដាក់ចេញនូវវិធានការគន្លឹះចំនួន ៥ចំណុចបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាសម្រេចចក្ខុវិស័យក្នុងប្រែក្លាយកម្ពុជា នៅឆ្នាំ២០៣០ ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ជាប្រទេសមានចំណូលខ្ពស់។ ហើយក្រសួងនិមួយត្រូវដឹងអំពីតួនាទី និងកិច្ចការងាររបស់ខ្លួនថាតើត្រូវធ្វើអ្វីខ្លះ ដើម្បីឆ្លើយតបការងារនេះ។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់ក្រសួងព័ត៍មាន នៅក្នុងអាណត្តិទី៧ ត្រូវបានកំណត់ចក្ខុវិស័យជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល មានន័យថាជាសំឡេងរបស់រាជរដ្ឋភិបាល។ ហើយក្រសួង និងមន្ទីរព័ត៌មាន មិនមែនធ្វើការងារត្រឹមតែទៅយកព័ត៍មាន និងផ្សាយព័ត៌មានទេ តែត្រូវបន្ថែមការងារមួយសំខាន់ថែមទៀតនោះ គឺធ្វើការងារគ្រប់គ្រងសតិអារម្មណ៍របស់មនុស្ស។
តាមរបាយការណ៍របស់លោកស្រី ប៉ូ ចាន់រស្មី ប្រធានមន្ទីរព័ត៌មានខេត្តកំពត បានឲ្យដឹងថា ការងារផ្សព្វផ្សាយព័ត៍មានក្នុងភាពល្អប្រសើរ។ ខេត្តកំពតមាន វិទ្យុផ្សាយផ្ទាល់ចំនួន ០២ស្ថានីយ៍ វិទ្យុផ្សាយបន្តចំនួន០៦ស្ថានីយ៍ ទូរទស្សន៍ផ្សាយបន្ត ០៤ស្ថានីយ៍ និងទូរទស្សន៍ខ្សែកាបចំនួន ០៤ស្ថានីយ៍ មានទីស្នាក់ការគេហទំព័រចំនួន ១១កន្លែង(ក្រុង-ស្រុក) ក្រុងកំពតមានចំនួន ០៥កន្លែង ស្រុកទឺកឈូមានចំនួន ០១កន្លែង ស្រុកបន្ទាយមាសមានចំនួន ០២កន្លែង ស្រុកកំពង់ត្រាចមានចំនួន ០២កន្លែង ស្រុកដងទង់មានចំនួន ០១កន្លែង ។
ចំពោះអង្គភាពសារព័ត៌មានដែលកំពុងធ្វើប្រតិបត្តិការណ៍ក្នុងភូមិសាស្រ្តខេត្តកំពត គេហទំព័រមានចំនួន ៣០អង្គភាព អ្នកសារព័ត៌មានក្នុងខេត្តមានចំនួន ២០អង្គភាព ភ្នាក់ងារទូរទស្សន៍ក្នុងខេត្តមានចំនួន ១១អង្គភាព៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments