ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានលើកឡើងថា ការងារចុះបញ្ជីដីធ្លីក្នុងខេត្តកន្លងមក គឺទទួលបានលទ្ធផលល្អគួរឱ្យកត់សំគាល់ ប៉ុន្តែទន្ទឹមនឹងលទ្ធផលល្អនេះដែរក៏នៅមានភាពឆកល្វែងមួយចំនួន ដែលការចុះបញ្ជីខ្លះមិនបានយកអំណាចរដ្ឋ និងអំណាចច្បាប់មកអនុវត្ត៍ គឺធ្វើការដោយឯកចិត្ត ប្រើអំណាចបុគ្គល ដែលតម្រូវឱ្យមន្ត្រីសុរិយោដីទាំងអស់ត្រូវធ្វើយ៉ាងណាពិនិត្យលើឯកសារកសាងបណ្ណឱ្យបានល្អិតល្អន់ ដោយយោងទៅតាមគោលការច្បាប់ តម្រូវការចាំបាច់របស់ពលរដ្ឋ និងកត្តាចាំបាច់មួយចំនួននៅក្នុងមូលដ្ឋានក្នុងនាមយើងជាមន្ត្រីអនុវត្តន៍ច្បាប់។
ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តទាំងអស់ សូមធ្វើជាមន្ត្រីដែលស្គាល់ ដែលយល់ដឹង និងចេះពីតម្លៃច្បាប់ ស្គាល់សុខទុក្ខរបស់ប្រជាពលរដ្ឋពិតប្រាកដ ហើយត្រូវធ្វើជាមន្ត្រីល្អឱ្យពលរដ្ឋស្រឡាញ់និងមានទំនុកចិត្ត និងមិនត្រូវធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាក ឬបញ្ហា។ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរដែនដីទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើក្នុងនាមជាមន្ត្រីអនុវត្តច្បាប់។ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ រក្សាឱ្យបាននូវតម្លៃ វីរៈភាព ស្នាដៃដែលបានធ្វើកន្លងមកបន្តទៀត ដើម្បីដើរតួជាអ្នកបម្រើឱ្យបានពិតប្រាកដទៅលើសុខទុក្ខ និងការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះដែរ ដោយមានការឯកភាពពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានរៀបចំការបោះឆ្នោតដើម្បីជ្រើសរើសប្រធានមន្ទីរដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីថ្មី ជំនួសប្រធានមន្ទីរចាស់ ដោយការបោះឆ្នោតនេះគឺតម្រូវឱ្យមានការជ្រើសរើសអនុប្រធានមន្ទីរទាំងអស់ ពីមន្ត្រីនៃមន្ទីរដោយការបោះឆ្នោតគាំទ្រ ហើយនេះគឺជាការបង្ហាញនូវតម្លាភាពក្នុងការជ្រើសរើសផងដែរ៕
0 Comments