Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អង្គភាពប្រឆាំងអំពើពុករលួយកោតសរសើរអភិបាលខេត្តកំពតចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវបានធ្វើឡើងជាបន្តបន្ទាប់ ចាប់តាំងពីឯកឧត្តម ម៉ៅ ធនិន មកកាន់តំណែងជាអភិបាលខេត្តកំពត ដែលគិតមកដល់ពេលនេះសំណុំរឿងជិត ៣ពាន់ករណីត្រូវបានដោះស្រាយ។ អង្គភាពប្រឆាំងអំពើពុករយលួយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តមអភិបាលខេត្តកំពត ដែលបានខិតខំដោះស្រាយដោយមិនមានការរារែក និងផ្អែកលើមូលដ្ឋានច្បាប់ យុត្តធម៌ សាក្សី និងភស្តុតាង។

នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពតបានបើកវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋក្នុងខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ លោកស្រី អ៊ូ ស៊ីថា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ រួមជាមួយមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ នៅសាលមហាជនសាលាខេត្តកំពត។

ក្នុងឱកាសនោះដែរ លោកស្រី អ៊ូ ស៊ីថា ឧបការីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានពាំនាំមកនូវការកោតសរសើរពីសំណាក់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ចំពោះឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតែងតែដោះស្រាយរកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋ មិនថាមានឬក្រ ឋានៈតូចឬធំ ហើយការដោះស្រាយលើសំណុំរឿងមួយចំនួនគឺមានភាពល្អប្រសើជាងប្រព័ន្ធតុលាការ។ ជាមួយគ្នានេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានធ្វើការវាយតម្លៃខ្ពស់នូវគុណសម្បត្តិរបស់ឯកឧត្តមអភិបាលខេត្ត ដែលជាអភិបាលខេត្តដំបូងបង្អស់ដែលមានភាពក្លាហានប្រឈមក្នុងការដោះស្រាយទំនាស់ដីធ្លីដែលជាបញ្ហាស្មុគស្មាញ ហើយធ្វើការដោះស្រាយដោយមិនមានការរារែក និងគេចវេះ។

លោកស្រីឧបការីអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា ការចូលរួមរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនាពេលនេះ ក្នុងនាមជាសេនាធិការពិសេសជូនឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេចបាននូវជោគជ័យក្នុងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ លោកស្រីបានបន្តថា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក៏ពិតមែន តែការដោះស្រាយរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត គឺជាការដោះស្រាយដោយផ្អែកទៅលើគោលការណ៍ច្បាប់ យុត្តធម៌ សាក្សី និងភស្តុតាង។

ក្នុងរយៈពេលជិត ៣ឆ្នាំមកនេះ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានជិត ៣ពាន់ករណី ដែលការដោះស្រាយខ្លះត្រូវបានចុះទៅដោះស្រាយដល់មូលដ្ឋានក្រុង-ស្រុកផ្ទាល់ដោយមានការចូលរួមពីប្រជាពលរដ្ឋជាគូទំនាស់ ចាស់ព្រឹទ្ធាចារ្យ អាជ្ញាធរដែនដី ពិសេសមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់។ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏ត្រូវបានទទួលស្គាល់ និងជំរុញឱ្យបន្តការដោះស្រាយពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រូវបានសាទរពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងខេត្តផងដែរ។ សូមបញ្ជាក់ថាសម្រាប់ថ្ងៃនេះ អាជ្ញាធរខេត្តកំពតបានលើកយកករណីទំនាស់ចំនួន ១១ករណីមកធ្វើការដោះស្រាយ ដែលអាចនឹងប្រើប្រាស់ពេលវេលាពេញមួយថ្ងៃសម្រាប់ការដោះស្រាយបញ្ចប់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំងសំណាង



















Post a Comment

0 Comments