Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរខេត្តកំពតនាំយកទេយ្យទានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពដែលស្លាប់ដោយខ្មាន់កាំភ្លើងបាញ់ប្រហារ

នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំក្រុមការងារយកទេយ្យទានរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពរបស់ក្មួយប្រុស លី សុង និងក្មួយស្រី កញ្ជណា ដែលបានទទួលមរណៈភាពក្នុងហេតុការណ៍ដ៏រន្ធត់ ដោយខ្មាន់កាំភ្លើងបានចូលទៅបាញ់សម្លាប់ដល់ក្នុងផ្ទះ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៣ និង ៥០នាទីរសៀល។ ដែលការប្រគល់ទេយ្យទាននេះធ្វើឡើងនៅក្នុងគេហដ្ឋានប្អូនស្រី កញ្ជណា ស្ថិតក្នុងភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត បានឱ្យដឹងថា ក្រោមកិច្ចចង្អុលការណ៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងន័យចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសពក្មួយទាំងពីរ សម្តេចបានដាក់ចេញនូវយន្តការឱ្យអាជ្ញាធរខេត្តកំពត នាំយកមកនូវទេយ្យទានមកជូនក្រុមគ្រួសារនៃសពទាំងពីរ។ នៅក្នុងបរិយាកាសដ៏សោកសង្រេងនេះ លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត បានពាំនាំមកនូវការចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះក្រុមគ្រួសារនៃសពក្មួយប្រុសក្មួយស្រីទាំងពីរ ដែលបានស្លាប់ក្នុងហេតុការណ៍ដ៏រន្ធត់ និងតក់ស្លុតមួយនេះ។ ជាមួយគ្នានេះដែរ លោកជំទាវអភិបាលរងខេត្ត ក្នុងនាមឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏ដូចជាអាជ្ញាធរខេត្ត សូមចូលរួមរំលែកនូវសាមាណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារនៃសពទាំងពីរ ដែលបានបាត់បង់កូនប្រុសស្រីជាទីស្រឡាញ់របស់ខ្លួន ហើយការបាត់បង់នេះទៀតសោត គឺជាការបាត់បងនូវធនធានមនុស្សល្អៗដែលអាចជួយដល់សង្គមជាតិនៅពេលអនាគត។

ទេយ្យទានដែលបានប្រគល់ជូនដល់ក្រុមគ្រួសារនៃសពទាំងពីរ រួមមាន៖ អង្ករ ២០០គីឡូក្រាម, មី ៣០កេស, ទឹកបរិសុទ្ធវីតាល់ ៣០កេស, ទឹកក្រូច ២០កេស, ទឹកដោះគោខាប់ ៤កេស និងថវិកាក្នុងមួយគ្រួសារ ៣លានរៀល សរុប ៦លានរៀល៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត













Post a Comment

0 Comments