អភិបាលខេត្តកំពតបានបញ្ជាក់ថា ពលរដ្ឋកម្ពុជាពិតជាសំណាង ដែលមានមេដឹកនាំល្អ ស្វែងរកបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ប៉ុន្តែអ្នកដែលអាចធានាបាននូវភាពសុខសាន្តអចិន្ត្រៃយ៍របស់ប្រជាពលរដ្ឋ គឺអាជ្ញាធរមូលដ្ឋាន មេឃុំ មេប៉ុស្តិ៍ ស្មៀន ប្រធានភូមិបាល គណៈអភិបាលស្រុក ដែលជាអ្នកនៅកៀកកិតជាមួយពលរដ្ឋ។ ការផ្តល់ភាពកក់ក្តៅក្នុងការបម្រើសេវាជូនដល់ពលរដ្ឋគឺជាការសងគុណសន្តិភាព សងគុណទឹកដីកំណើត ។
មានប្រសាសន៍នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកឈូក និងស្រុកជុំគិរី អណាត្តិទី៤ ដោយមានការចូលរួមជាគណៈអធិបតីពីឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ៅ ធនិនអភិបាលខេត្តកំពត បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រយៈពេល៤៥ឆ្នាំកន្លងមកនេះ កម្ពុជាមានសុខសន្តិភាព មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយប្រជាពលរដ្ឋទទួលបានសិទ្ធសេរីភាពពេញលេញ។ ប្រមុខរាជរដ្ឋាភិបាលតែងបានគិតគូរ និងយកចិត្តទុកដាក់អំពីសុខទុក្ខ និងតម្រូវការផ្សេងៗរបស់ពលរដ្ឋ។ បន្តមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចរិតតែខិតខំយកកម្លាំងកាយចិត្ត ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ពិសេសតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដោយសម្តេចតែងតែផ្តល់អនុសាសន៍ ក៏ដូចជាដាក់ចេញនូវគោលនយោបាយ និងគោលការណ៍ផ្សេងៗ ដល់អាជ្ញាធររាជធានី-ខេត្ត ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋទទួលបានប្រយោជន៍ច្រើនបំផុត ពីកត្តាសុខសន្តិភាព និងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។យ៉ាងណាក៏ដោយ ឯកឧត្តម ម៉ៅ ធនិន យល់ឃើញថា ការយកចិត្តទុកដាក់របស់ប្រមុខថ្នាក់ដឹកនាំតែម្យ៉ាងមិនទាន់គ្រប់គ្រាន់នោះទេ ក្នុងការធានាបាននូវភាពសុខសាន្ត និងភាពកក់ក្តៅអចិន្ត្រៃយ៍របស់ពលរដ្ឋ គឺទាមទាឲ្យមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ឃុំ-សង្កាត់ កងកម្លាំងសមត្ថកិច្ច ដែលជាអ្នកនៅកៀកកិតជាមួយពលរដ្ឋ។ ឯកឧត្តមស្នើដល់មន្ត្រីអាជ្ញាធរសូមចុះទៅឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋដោយផ្ទាល់ ដើម្បីបានយល់បានដឹងអំពីការខ្វះខាត បញ្ហាប្រឈម កង្វះខាត និងសំណូមពរប្រជាពលរដ្ឋ ដើម្បលើកយកមកពិភាក្សាគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា ហើយជាពិសេស ក្រុមប្រឹក្សាដែលទើបតែនឹងតែងតាំងតួនាទីថ្មី ត្រូវរួមសហការគ្នាជាធ្លុងមួយ ដើម្បីចូលរួមបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិក្នុងន័យតបស្នងសងគុណទឹកដីកំណើតរបស់ខ្លួនផង និងតបស្នងសងគុណដល់ស្ថាបនិកសន្តិភាពផង៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments