Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរស្រុកទឹកឈូដាំដើមក្ងោកដើម្បីលម្អសោភ័ណភាពតាមដងផ្លូវនិងទប់ទល់ការកើនឡើងកម្តៅ

ក្នុងគោលបំណងបង្កើនសោភ័ណភាព រក្សាអនាម័យបរិស្ថានតាមដងផ្លូវ និងរួមចំណែកឆ្លើយតប ក៏ដូចជាទប់ទល់ការកើនឡើងកម្តៅលើភពផែនដី នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ រដ្ឋបាលស្រុកទឹកឈូ សហការជាមួយអង្គការមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា (CWDCC) បានបើកយុទ្ធនាការដាំដើមក្ងោកអមសងខាងផ្លូវពីចំណុចសាលាស្រុកឆ្ពោះទៅកាន់រមណីយដ្ឋានទំនប់ប្រទាក់ក្រឡា ដោយឆ្លងកាត់ទឹកដីឃុំចំនួន៣។

លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូបានមានប្រសាសន៍ថា រដ្ឋបាលស្រុកតែងយកចិត្តទុកដាក់ក្នុងការដាំដើមឈើដើម្បីលើកម្ពស់បរិស្ថាន អនាម័យ សោភ័ណភាពតាមដងផ្លូវ និងចូលរួមទប់ទល់ការកើនឡើងកម្តៅកំពុងប្រឈមជាសកល។ ដោយឡែក ការដាំកូនក្ងោកថ្ងៃនេះជាលើកទី២ ខណ:ឆ្នាំកន្លងទៅបានដាំនៅអមសងខាងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានធម្មជាតិទឹកឈូ ក្នុងទឹកដីឃុំម៉ាក់ប្រាង ហើយបច្ចុប្បន្នកំពុងបន្តជួសជុលសម្រាប់ដើមដែលបានងាប់ប្រមាណ ៥ភាគរយ។ លោកអភិបាលស្រុកបានបញ្ជាក់ថា ដោយមានកិច្ចសហការពីអង្គការ CWDCC ថ្ងៃនេះ រដ្ឋបាលស្រុកបានបើកយុទ្ធនាការដាំកូនក្ងោកប្រមាណជាង ១.០០០ដើម នៅអមសងខាងផ្លូវក្រាលកៅស៊ូបែកចេញពីផ្លូវជាតិលេខ៣៣ ឆ្លងកាត់ឃុំត្រពាំងសង្កែ ឃុំត្រពាំងព្រីង និងឃុំកូនសត្វ ចាប់ពីក្បែរស្ពានក្បាលរមាសរហូតដល់តំបន់ទំនប់ប្រទាក់ក្រឡា ក្រោមគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលទើបស្ថាបនារួចដើម្បីបង្កើនការទាក់ទាញភ្ញៀវបន្ថែម។ ក្នុងនាមរដ្ឋបាលស្រុក លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវ ពិសេសមន្ត្រីមូលដ្ឋានយកចិត្តទុកដាក់ក្នុងការថែទាំដើមក្ងោកទាំងនេះដើម្បីបានលូតលាស់ល្អ។ អាជ្ញាធរបានកំណត់រួចហើយគឺមួយឆ្នាំ យ៉ាងហោចដាំកូនឈើឱ្យបាន ២.០០០ដើម បំណងប្រែក្លាយទឹកដីស្រុកទឹកឈូ ពោរពេញដោយភាពបៃតង និងសោភ័ណភាពស្រស់បំព្រង។

លោក ហ៊ន រិទ្ធី មន្ត្រីសម្របសម្រួលអង្គការ CWDCC បានបញ្ជាក់ថា ដើមឈើមានសារ:សំខាន់សម្រាប់ជីវិតមនុស្ស និងសត្វ ដូចប្រជាពលរដ្ឋទូទៅដែរ អង្គការ CWDCC តែងចង់ឃើញភពផែនដីមានពណ៌បៃតងស្រស់បំព្រង។ ដូច្នេះហើយ ទើបរៀងរាល់ខែ ឆ្នាំ មន្ត្រីអង្គការ CWDCC បានចូលរួមជាមួយអ្នកពាក់ព័ន្ធក្នុងការដាំដើមឈើទាំងនៅលើគោក និងក្នុងទឹកដើម្បីជាទីស្នាក់អាស្រ័យរបស់មនុស្ស សត្វ ក៏ដូចជាមច្ឆជាតិ។ មន្ត្រីអង្គការដដែលបានបន្តថា ថ្ងៃនេះក្រុមរបស់លោកពិតជាសប្បាយរីករាយដែលបានចូលរួមដាំដើមក្ងោកជាមួយរដ្ឋបាលស្រុកទឹកឈូដើម្បីបង្កើនសោភ័ណភាពនៅតំបន់សក្តានុពលទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញសម្រាប់ភ្ញៀវជិតឆ្ងាយបន្ថែមទៀត៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments