Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ៥១គ្រួសារក្នុងឃុំចំនួន៧ នៃស្រុកកំពង់ត្រាច ទទួលនាំអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន៥ ១គ្រួសារ មកពីឃុំចំនួន៧ ក្នុងស្រុកកំពត្រាច រួមមាន៖ ឃុំដំណាក់កន្ទួតខាងត្បូង ចំនួន ៤គ្រួសារ ឃុំកំពង់ត្រាចខាងលិចចំនួន ១១គ្រួសារ ឃុំព្រែកក្រឹសចំនួន ១៤គ្រួសារ ឃុំឫស្សីស្រុកខាងលិចចំនួន ៣គ្រួសារ ឃុំបឹងសាលាខាងត្បូងចំនួន ១៧គ្រួសារ ឃុំបឹងសាលាខាងជើងចំនួន ១គ្រួសារ និងឃុំឫស្សីស្រុកខាងកើតចំនួន ១គ្រួសារ ដែលពិធីនេះរៀបចំធ្វើឡើងនៅក្នុងបរិវេណសាលាស្រុកកំពង់ត្រាច។

ក្នុងឱកាសនោះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា និងពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត និងចូលរួមសោកស្តាយចំពោះគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិ ដែលបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋ។ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍បានបន្តថា ជានិច្ចកាលអាជ្ញាធរខេត្ត ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរជានិច្ចពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក  អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ជាមួយគ្នានេះដែរ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង ហើយសូមឱ្យបងប្អូនមានការប្រុងប្រយ័ត្ននៅពេលមេឃភ្លៀងធ្លាក់ខ្លាំង លាយលំនឹងខ្យល់កន្ត្រាក់មេត្តាកុំឱ្យក្មេងតូចៗចេញពីផ្ទះ ត្រូវកេងក្នុងមុង រួមគ្នាលុបបំបាត់ថ្លុកជ្រាំដែលជាជម្រកមូសខ្លា ដែលអាចបង្ករឱ្យកើតជំងឺគ្រុនឈាម ចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដាំដើមឈើដើម្បីការពារបរិស្ថាន ពិសេសចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក។

អំណោយដែលបានផ្តល់ជូនពលរដ្ឋរងគ្រោះទាំង ៥១គ្រួសារក្នុងស្រុកកំពង់ត្រាចរួមមាន៖ គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ កៅស៊ូតង់ ១ដុំ  និងថវិកា ២០ម៉ឺនរៀល។ ចំណែកឯគ្រួសាររងគ្រោះស្រាល ចំនួន ៤៨គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង  ទឹកត្រី ១យួរ មី ១កេស និងថវិកា ៥ម៉ឺនរៀល៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

















Post a Comment

0 Comments