Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការលើកទឹកចិត្តកុមារលេងកីឡាពីក្មេងអាចជួយឱ្យកម្ពុជាមានឈ្មោះក្នុងតារាង FIFA World Cup 2038

ប្រធានក្លិបបឹងកេត និងថ្នាក់ដឹកនាំខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហព័ន្ធកីឡាកម្ពុជា បានកំណត់គោលដៅថា កម្ពុជានឹងអាចមានក្រុមកីឡាករចូលរួមប្រកួត FIFA World Cup 2038 ហើយដើម្បីសម្រេចគោលដៅនេះគឺទាមទាឱ្យមានការចូលរួមគាំទ្រ លើកទឹកចិត្ត ពីអាណាព្យាបាល លោកគ្រូអ្នកគ្រូនៅតាមសាលាឱ្យកុមារស្រឡាញ់ និងលេងកីឡាពីវ័យក្មេងទៅ។

នៅក្នុងដំណើរទស្សនកិច្ចស្តីអំពីការចូលរួមចំណែក ចែករំលែកបទពិសោធន៍បាល់ទាត់ និងផ្សព្វផ្សាយទេសចរណ៍នានានៅខេត្តកំពត នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នាពហុកីឡដ្ឋានកំពត  លោកស្រី ពុទ្ធ ធិតា ប្រធានក្លឹបបាល់ទាត់បឹងកេតបានប្រាប់ឱ្យដឹងថា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាលទាត់  ជារៀងរាល់ឆ្នាំ ពេលចប់រដូវកាលនៃការប្រកួត ក្លិបបឹងកេត តែងតែចុះចែករំលែកបទពិសោធន៍ និងបច្ចេកទេសលេងបាល់ទាត់ដល់សិស្សានុសិស្សនៅតាមបណ្តាខេត្ត ដើម្បីឱ្យសិស្សនុសិស្សបានជួប និងរៀនសូត្រពីរៀមច្បងដែលជាកីឡាករអាជីព និងជួយលើកទឹកចិត្តឲ្យពួកគាត់ហ៊ានបណ្តុះក្តីស្រមៃក្លាយជាកីឡាករអាជីពទៅថ្ងៃអនាគតផងដែរ។ លោកស្រីបានបញ្ជាក់ថា ការចុះមកក្នុងពេលនេះ ក៏ជាការចូលរួមចំណែក ក្នុងការឆ្លើយតបតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសសហព័ន្ធកីឡាកម្ពុជាដែលបានកំណត់គោលដៅថា កម្ពុជានឹងអាចចូលរួមការប្រកួត FIFA World Cup 2038 ខាងមុខ។ លោកស្រីជឿថាកម្ពុជាអាចធ្វើបាន តាមរយៈការបន្តលើកទឹកចិត្ត និងបណ្តុះកុមារដែលសិស្សានុសិស្សឲ្យស្រឡាញ់ និងលេងកីឡាពីវ័យក្មេងទៅ។ យ៉ាងណាក៏ដោយ លោកស្រីប្រធានក្លិបបឹងកេត បានណែនាំដល់សិស្សានុសិស្សដែលស្រឡាញ់វិស័យកីឡា ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ហើយហ៊ានដើរតាមក្តីស្រមៃរបស់ខ្លួន។

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្ត បានថ្លែងអំណរគុណដល់ក្រុមកីឡាករក្លឹមបឹងកេត ដែលបានចុះមកធ្វើទស្សនកិច្ច ចែករំលែកបទពិសោធន៍ និងផ្តល់បច្ចេកទេសបាល់ទាត់ជូនដល់សិស្សានុសិស្សក្នុងខេត្តកំពត ទោះជាក្នុងរយៈពេលខ្លី ប៉ុន្តែវាបានជំរុញលើកទឹកចិត្តដល់កុមារដែលជាធនធានសំខាន់ ក្នុងការលើកកម្ពស់វិស័យកីឡា និងអប់រំកាយកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើន នឹងឈានទៅសម្រេចគោលដៅចូលរួមក្នុងការប្រកួត FIFA World Cup 2038 នាពេលខាងមុខ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត





















Post a Comment

0 Comments