ដើម្បីផ្សព្វផ្សាយអំពីអត្ថបប្រយោជន៍ ក៏ដូចគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ អាជ្ញាធរខេត្តកំពត រួមជាមួយនឹងក្រុមបាល់ទាត់តារាកម្ពុជា និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាមិត្តភាពនៅដើមខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ តាមការឱ្យដឹងពីក្រុមបាល់ទាត់តារាកម្ពុជា ការប្រកួតកីឡាបាល់ទាត់មិត្តភាពនេះ នឹងធ្វើឡើងនៅខេត្តដែលគម្រោងព្រែកជីហ្វូណនតេជោ ឆ្លងកាត់ ក្នុងនោះមានខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប។
នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានអនុញ្ញាតឱ្យក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដែលដឹកនាំដោយ លោក គី សុផល អ្នកសម្របសម្រួលក្រុមបាល់ទាត់តារាកម្ពុជា លោក ឈិន ឈឿន គ្រូបង្វឹកក្រុម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារដើម្បីត្រៀមរៀបចំប្រកួតបាល់ទាត់មិត្តភាពរវាងក្រុមកីឡាបាល់ទាត់ថ្នាក់ដឹកនាំខេត្តកំពត ជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដែលការប្រកួតនេះនឹងធ្វើឡើងនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងបរិវេណកីឡដ្ឋានខេត្តកំពត។ ក្នុងជំនួបនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្ហាញការគាំទ្រចំពោះក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដែលបានបង្កើតឱ្យមានព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់មិត្តភាពរវាងថ្នាក់ដឹកនាំខេត្តកំពត និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ខេត្តកំពតពិតជាមានសំណាងខ្លាំងណាស់ ដែលគម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ ហើយខេត្តមានស្រុកចំនួន៣ដែលគម្រោងព្រែកជីកដ៏មានសារៈសំខាន់នេះឆ្លងកាត់ គឺមានស្រុក អង្គរជ័យ ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច។ ឯកឧត្តមអភិបាលខេត្តបានបន្តថា កន្លងមក ប្រជាពលរដ្ឋនៅទូទាំងខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត គឺមានការគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងបើកការដ្ឋានស្ថាបនា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ព្រោះថាគម្រោងព្រែកជីកប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជាមួយនេះនឹងផ្តល់ប្រយោជន៍ដ៏មហាសាលដល់ប្រជាពលរដ្ឋ ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិតាមរយៈការបន្លែមធម្យោបាយធ្វើដំណើរ និងដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដោយតភ្ជាប់ពីសមុទ្រមកកាន់ទន្លេ ជួយសម្រួលដល់ការជនលិច និងផ្តល់ទឹកសម្រាប់ប្រើប្រាស់ផ្សេងៗសម្រាប់ប្រជាពលរដ្ឋដែលព្រែកជីកនេះឆ្លងកាត់។
តាមការឱ្យដឹងពីលោក គី សុផល អ្នកសម្របសម្រួលក្រុមបាល់ទាត់តារាកម្ពុជា បានឱ្យដឹងថា គោលបំណងនៃការប្រកួតបាល់ទាត់មិត្តភាពនេះដែរ គឺដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ និងផ្សព្វផ្សាយអំពីផលប្រយោជន៍ដែលទទួលបានពីគម្រោងព្រែកជីកប្រវត្តិសាស្ត្រដ៏មានតម្លៃមួយនេះ ដល់បងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តកំពត ក៏ដូចជាខេត្តដែលគម្រោងព្រែកជីកឆ្លងកាត់ ពិសេសគឺប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោក គី សុផល បានបន្តថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាមិត្តភាពរវាងក្រុមបាល់ទាត់តារាកម្ពុជា និងអាជ្ញាធរខេត្ត គាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងធ្វើឡើងនៅខេត្តដែលព្រែកជីកនេះឆ្លងកាត់ ក្នុងនោះរួមមាន ខេត្តកណ្តាល ខេត្តតាកែវ កំពត និងខេត្តកែប តែសម្រាប់ព្រឹត្តិការណ៍នៃការប្រកួតនាដើមខែកក្កដាខាងមុខនេះ គឺធ្វើឡើងចំនួនពីរខេត្តបញ្ចូលគ្នា គឺខេត្តកំពត និងខេត្តកែប។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាមិត្តភាពរវាងក្រុមបាល់ទាត់តារាកម្ពុជា និងអាជ្ញាធរខេត្តកំពត និងខេត្តកែប នាពេលខាងមុខនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏ជាកីឡាក៏មួយរូបចូលរួមប្រកួតផងដែរ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments