Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ ការដោះស្រាយវិវាទប្រសិនបើយើងចង់បានតែការឈ្នះនឹងចាញ់ គឺមិនអាចដោះស្រាយបញ្ចប់នោះទេ ចូរបើកចិត្តឱ្យទូលាយទទួលយកការពិតដើម្បីបញ្ចប់បញ្ហា

ថ្លែងទៅកាន់ប្រជាពលរដ្ឋ ក្នុងវេទិការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នាសាលមហាជនសាលាខេត្តកំពត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា បញ្ហាវិវាទទាំងអស់ដែលត្រូវបានលើកយកមកដោះស្រាយ គឺត្រូវការចាំបាច់បំផុតនូវការចូលរួមទទួលយកនូវការពិត ខុស និងត្រូវ បើអ្នកខុសគឺត្រូវទទួលខុស អ្នកត្រូវគឺទទួលយកត្រូវ កុំបំពារបំពានគ្នា។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ប្រសិនបើយើងទាំងអស់គ្នាដែលមានទំនាស់ ហើយគិតតែចង់យកឈ្នះ យកចាញ់ មិនគិតពីត្រូវឬខុសនោះ ការដោះស្រាយវិវាទនេះនឹងមិនទទួលបានជោគជ័យនោះទេ ដែលកត្តានេះ នឹងអូសបន្លាយពេលវេលា ហើយឆ្លងចូលទៅដល់ការដោះស្រាយនៅក្នុងប្រព័ន្ធតុលាការ ធ្វើឱ្យបងប្អូនពលរដ្ឋទាំងអស់ខាតបង់ពេលវេលា និងការចំណាយផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងអស់ ដែលមានទំនាស់ ឬវិវាទជាមួយគ្នាត្រូវបើកចិត្ត បើកបេះដូងឱ្យទូលាយ អធ្យាស្រ័យគ្នាទៅវិញទៅមក ប្រសិនបើអ្នកយករបស់គេ ត្រូវប្រគល់ឱ្យគេវិញ ព្រោះប្រសិនបើយើងយករបស់គេឈឺចាប់ ហើយបើគេយករបស់យើងក៏យើងឈឺចាប់ដូចគ្នា យើងជាខ្មែរដូចគ្នារស់រានមានជីវិតក្រោយថ្ងៃកំណើតទី២ គឺក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ដូចគ្នា ដូច្នេះយើងត្រូវចេះស្រឡាញ់ និងយោគយល់គ្នា។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តបានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានគិតគូរជានិច្ចនូវរាល់សុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដោយមិនប្រកាន់និន្ទាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរ នោះឡើយ ពិសេសសម្តេចតែងតែដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើនដើម្បីជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងជួបការលំបាក។ ទន្ទឹមនឹងនោះ សម្តេចក៏បានបង្កើត និងរៀបចំឡើងនូវកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីរួមគ្នាដោះស្រាយបញ្ជប់វិវាទរបស់ពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជៀសវាងការផ្តឹងផ្តល់គ្នាទៅកាន់តុលាការ ដែលជាហេតុធ្វើឱ្យពលរដ្ឋខាតបង់ពេលវេលា ព្រោះសំណុំរឿងនៅតុលាការមានច្រើន ពិសេសនោះគឺការខាតបង់នូវធនធានថវិកា។

សូមបញ្ជាក់ថា ខេត្តកំពត ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ឯកឧត្តមបានធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានប្រមាណជិត ៣ពាន់ករណី ដោយឯកឧត្តមបានចុះទៅកាន់មូលដ្ឋានក្រុង-ស្រុកទាំង៩ក្នុងខេត្តធ្វើការដោះស្រាយដោយផ្ទាល់ ព្រមទាំងមានការចូលរួមពីអាជ្ញាធរ ចាស់ព្រឹទ្ធាចារ្យ មន្ទីរជំនាញពាក់ព័ន្ធ ហើយការដោះស្រាយត្រូវទទួលបានការសាទរ និងគាំទ្រយ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងខេត្ត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង















Post a Comment

0 Comments