អភិបាលខេត្តកំពតបានក្រើនរំលឹកដល់មន្ត្រីថ្នាក់ដឹកនាំជុំវិញខេត្ត គណៈអភិបាល និងក្រុមប្រឹក្សាក្រុងស្រុក ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ចេះប្រើអំណាច និងតួនាទី ឲ្យបានត្រឹមត្រូវតាមកាលៈទេសៈ រក្សាឲ្យបាននូវគុណធម៌ និងសេចក្តីថ្លៃថ្នូរទាំង ក្នុងនិងក្រៅម៉ោងធ្វើការ ពិសេសត្រូវប្រុងប្រយ័ត្នរាល់សម្តីសំដៅ កាយវិកា ចរិកឫកពា និងសីលធម៌ក្នុងសង្គម ដើម្បីធ្វើជាគំរូល្អដល់មន្ត្រី និងប្រជាពលរដ្ឋ។
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាស្រុកកំពង់ត្រាច និងស្រុកទឹកឈូ អាណត្តិទី៤ ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង៣ប្រភេទ ប្រជាពលរដ្ឋក្នុងស្រុកទាំងពីរផងដែរ។ ថ្លែងក្នុងពិធីនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា តួនាទីដែលមន្ត្រីទទួល គឺជាអំរែក ហើយតួនាទីដែលបានមកនាពេលនេះ គឺកើតឡើងដោយសារការស្រឡាញ់ពេញចិត្តតាមរយៈសន្លឹកឆ្នោតគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ដូច្នេះក្រុមប្រឹក្សាស្រុកដែលទើបតែងតាំងថ្មី ក៏ដូចជាអាជ្ញាធរស្រុក ត្រូវតែប្រើប្រាស់តួនាទីភារកិច្ចនេះឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅ និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជាម្ចាស់សន្លឹកឆ្នោតវិញ។ឯកឧត្តមបានក្រើនរំលឹកដល់មន្ត្រីដែលមានឋានៈ តួនាទី ឬមន្ត្រីជាប្រធាន ត្រូវធ្វើជាគំរូល្អ ដល់កូនចៅ និងប្រជាពលរដ្ឋ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសម្តីសំដៅ ចរិក ឫកពា រាល់ឥរិយាបថ និងសកម្មភាព ការងារប្រស្រ័យទាក់ទង ក្នុងការបំពេញកិច្ចការងារក្តី និងក្រៅម៉ៅងធ្វើការងារក្តី រក្សាឲ្យបាននូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូរ ដើម្បីធ្វើជាគំរូល្អ ដល់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋទូទៅ។
ឯកឧត្តមអភិបាលខេត្តបានសង្គត់ធ្ងន់ថា ជាមន្ត្រីមានឋានៈតួនាទី ត្រូវសាបព្រោះ វប្បធម៌ជាតិនិយម គិតអំពីប្រយោជន៍រួម ប្រយោជន៍ប្រជាជន និងប្រយោជន៍ប្រទេសជាតិជាធំ ដោយត្រូវគិតថា ខ្លួនមានជីវិត២ត្រូវថែរក្សាឲ្យបាន ដែលជីវិតទី១ គឺជីវិតដែលកើតចេញពីថ្ងៃជ័យជំនៈ៧មករា ដែលសម្តេចតេជោ បានរំដោះយើងគ្រប់គ្នាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ជាជីវិតដែលត្រូវការហូបចុក ដេក ដើរ ឈរ អង្គុយ ពីកើតរហូតដល់ស្លាប់។ ចំណែកជីវិតទី២ គឺជាព្រលឹង និងជាអត្តសញ្ញាណជាតិខ្មែរ មានដូចជា អរីយធម៌ វប្បធម៌ អក្សរសាស្ត្រ ទំនៀមទម្លាប់ ប្រពៃណី សាសនា ប្រាសាទ ធនធានធម្មជាតិ កែដំណែលមរកតដូនតា ។ល។ ដែលទាមទាឲ្យអ្នកជំនានក្រោយយកចិត្តទុកដាក់ចូលរួមថែរក្សបន្ត។ ទាំងនេះគឺផ្តើមចេញតែពីការដឹកនាំ និងសាបព្រោះគ្រាប់ពូជ និងគំរូល្អ របស់មន្ត្រីថ្នាក់ដឹកនាំយើងនៅតាមមូលដ្ឋានក្រុង ស្រុកនេះឯង៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments