Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

លោកជំទាវ ចម និម្មល៖ បេសកកម្មស្នូលនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគឺដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ

ថ្លែងក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដងទង់ ខេត្តកំពត នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានមានប្រសាសន៍ថា បេសកកម្មស្នូលនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺមិនមែនជាការជ្រៀតជ្រែកភាពជាម្ចាស់ នៃការបំពេញមុខងាររបស់អាជ្ញាធរមូលដ្ឋានឡើយ តែជាការចូលរួមតម្រង់ទិស គាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋាន ប្រកបដោយស្មារតីបុរេសកម្ម ភាតរភាព និងការទទួលខុសត្រូវខ្ពស់រួមគ្នា សំដៅធានាការអភិវឌ្ឍរួមមួយដែលគ្រប់តួអង្គបានទទួលផល និងរួមសុខរួមទុក្ខ ព្រមទាំងជាការបង្ហាញពីរបៀបធ្វើការមួយដែលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចូលរួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ។

ជាមួយគ្នានេះដែរ លោកជំទាវរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក/ឃុំ ប្រកាន់ខ្ជាប់នូវ ៖១. សហការជាមួយអាជ្ញារធមូលដ្ឋានរបស់ស្រុក/ឃុំ ឱ្យបានជាប់លាប់ ក្នុងការតាមដានការជំរុញដោះស្រាយបញ្ហាចំពោះមុខដែលសេសសល់ ពិសេសការងារវាស់វែងចុះបញ្ជីដីធ្លី ការងារស្តារស្រះស្តុកទឹកតាមឃុំនីមួយៗ ការងារស្តារឬជួសជុលផ្លូវដែលខូចខាត បញ្ហាបណ្តាញអគ្គសនី និងការផ្តល់សេវាថែទាំសុខភាពដល់ប្រជាពលរដ្ឋដែលនឹងប្រឈមនូវជំងឺជាច្រើន ក្នុងរដូវវស្សាភ្លៀងធ្លាក់ច្រើន។ ២.ពង្រឹងលទ្ធភាពក្នុងការរៀបចំវេទិកាសាធារណៈ ទៅតាមប្រតិទិនកំណត់ ឬតាមស្ថានការណ៍ចាំបាច់ និងឱ្យបានតាមបណ្តាឃុំទាំង១០ ដើម្បីស្តាប់ពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងផ្តល់ដំណោះស្រាយតាមជាក់ស្តែង ដោយសហការជាមួយអាជ្ញាធរថ្នាក់ឃុំ ថ្នាក់ស្រុក ថ្នាក់ខេត្ត។ ៣.បន្តសហការជាមួយវិស័យឯកជន ឬដៃគូរអភិវឌ្ឍន៍នានា សំដៅផ្តល់ការគាំទ្របំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានស្រុក/ឃុំ តាមជាក់ស្តែង និងតាមលទ្ធភាព ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមបន្ទាន់ៗផ្សេងទៀត។ ៤.អាជ្ញាធរថ្នាក់ស្រុក/ឃុំ ពិសេសកងកម្លាំងគ្រប់ប្រភេទ ត្រូវពង្រឹងការបង្រ្កាបក្មេងទំនើង និងសកម្មភាពល្មើសច្បាប់គ្រប់រូបភាពនៅក្នុងស្រុក ឃុំ ភូមិ ពិសេសអនុវត្តឱ្យបានហ្មឹងម៉ាត់តាមគោលការណ៍ដែលមានចែងក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រក្សាសន្តិសុខ សណ្តាប់ធ្នាប់ដើម្បីការអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើន ប្រកបដោយចិរភាព និងបរិយាប័ន្ន។ ៥.ផ្តល់របាយការណ៍វឌ្ឍនភាពតាមលំដាប់ថ្នាក់ ក្នុងរចនាសម្ព័ន្ធក្រុមការងារចុះមូលដ្ឋានថ្នាក់ស្រុក ឱ្យបានទៀងពេលវេលា និងត្រូវរាយការណ៍ ឬលើកសំណើភ្លាមៗ លើបញ្ហាបន្ទាន់ ឬចំពោះមុខនានា ដើម្បីប្រធានក្រុមការងារផ្តល់ការណែនាំ និងសម្របសម្រួលបានទាន់សភាពការណ៍បំផុត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងស្រុកដងទង់ ត្រូវរួមសហការអោយបានស្អិតរមួតជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុក ក្នុងការផ្តល់ព័ត៌មានផ្សេងៗ សំណូមពរ ពិសេសតម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរួមគ្នាដោះស្រាយជូនពួកគាត់អោយបានទាន់ពេលវេលា។ ឯកឧត្ដមអភិបាលខេត្តក៏បានលើកទឹកចិត្តអោយអាជ្ញាធរ ស្រុក ឃុំ ភូមិទាំងអស់ត្រូវចុះអោយដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីតម្រូវការ និងការខ្វះខាតរបស់ពួកគាត់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments