ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សហការជាមួយ ក្រុមការងារ អ្នក និងខ្ញុំ នៅថ្ងៃសិទ្ធិកុមារ ឬទិវាកុមារអន្តរជាតិ១មិថុនានេះ បានចុះជួបសំណេះសំណាលជាមួយកុមារកំព្រា កុមារខ្វះខាតនៅតាមអង្គការ និងមណ្ឌកុមារកំព្រាផ្សេងៗនៅក្នុងខេត្តកំពត និងបានផ្តល់ជូនសម្ភារសិក្សាមួយចំនួនផងដែរ។ក្រុមការងារយល់ឃើញថា ការដាក់ទុនលើកុមារឬក្មេងជំនាន់ក្រោយ គឺជាការដាក់ទុនសម្រាប់អនាគតរបស់យើងទាំងអស់គ្នា។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពត លោក មឿង គង្គារ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមការងារ អ្នក និងខ្ញុំ ដែលបានចំណាយថវិកា និងពេលវេលាដើម្បីការងារមនុស្សធម៌ និងការងារស្ម័គ្រចិត្តនាពេលកន្លងមក និងនៅក្នុងពេលនេះ និងបានថ្លែងអំណរគុណដល់លោកឱពុក អ្នកម្តាយនៅតាមបណ្តាអង្គការ និងមណ្ឌលកុមារកំព្រាទាំង៦ក្នុងខេត្តកំពត ដែលបានចិញ្ចឹម បីបាច់ បង្ហាត់បង្រៀនកុមារកំព្រា និងកុមារមកពីក្រុមគ្រួសារខ្វះខាតចំនួន៦១០នាក់ធំធាត់ល្អ មានសុខភាព និងមានការអភិវឌ្ឍន៍ចម្រើនទៅតាមវ័យ ពិសេសទទួលបានចំណេះដឹង និងការសិក្សាផ្សេងៗ។
លោកបានបញ្ជាក់ថា ការងារសុខភាព ជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ពិសេសការងាថែទាំសុខភាពមាតា ទារក និងកុមារ ហើយក្នុងនាមយើងជាក្រុមការងាររបស់ ស.ស.យ.ក ត្រូវខិតខំចូលរួមលើកកម្ពស់ការងារនេះ ឲ្យបានកាន់តែប្រសើរ ព្រោះកុមារមានសុខភាព មានការអប់រំបានល្អប្រសើរ មានក្តីសង្ឃឹម និងមានស្នាមញញឹម វាជាសញ្ញាបង្ហាញអំពីភាពរុងរឿងរបស់កម្ពុជា បង្ហាញអំពីភាពល្អប្រសើរទៅអនាគតរបស់យើងទាំងអស់គ្នា៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments