Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋនិងអាជ្ញាធរស្រុកកំពង់ត្រាចជឿជាក់ថាគម្រោងព្រែកជីកហ្វូណនតេជោនឹងជួយលើកកម្ពស់ជីវភាពរស់នៅឱ្យប្រសើរជាងមុន និងសេដ្ឋកិច្ចក្នុងស្រុកមានការរីកចម្រើន

ប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកកំពតត្រាច ខេត្តកំពត បានសម្តែងនូវសេចក្តីត្រេកអរយ៉ាងខ្លាំងពេលបានដឹងថា រាជរដ្ឋាភិបាលនឹងបើកការដ្ឋានសាងសងព្រែកជីកហ្វូណនតេជោ នៅក្នុងខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ពួកគាត់គាំទ្រ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ព្រោះជឿជាក់ថា ព្រែកជីកនេះនឹងជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍ និងជំរុញដល់កំណើនសេដ្ឋកិច្ចប្រទេសជាតិ។ 

លោក នួន វ៉ា រស់ក្នុងឃុំកំពង់ត្រាចខាងកើត ជាប្រជាពលរដ្ឋដែលរស់នៅក្បែរប្រឡាយ នៃគម្រោងព្រែកជីកហ្វូណនតេជោ បានលើកឡើងថា គាត់ពិតជាមានចិត្តសប្បាយដែលស្រុករបស់គាត់ត្រូវព្រែកជីកហ្វូណនតេជោឆ្លងកាត់ ហើយគម្រោងនេះនឹងត្រូវរាជរដ្ឋាភិបាលបើកការដ្ឋាននៅខែសីហាខាងមុខនេះ។ ពួកគាត់ជឿជាក់ថា គម្រោងនឹងនេះអាចជួយលើកកម្ពស់ដល់ជីវភាពរបស់ពលរដ្ឋក្នុងសហគមន៍ឱ្យបានល្អប្រសើរ។ លោកបានបន្ត គម្រោងព្រែកជីកនេះស្រុកនឹងអាចទទួលបានទេសចរណ៍មកកម្សាន្តតាមផ្លូវទឹក ព្រមទាំងបានជួយសម្រួលក្នុងការដឹកទំនិញតាមផ្លូវទឹកដែលមិនបង្កឱ្យខូចខាតផ្លូវថ្នល់ជាដើម។

ចំណែកឯលោក នាង ណាប់ ជាប្រជាពលរដ្ឋម្នាក់ដែលរស់នៅជាប់នឹងប្រឡាយនៃគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងស្រុកកំពង់ត្រាចបានបង្ហាញចំណាប់អារម្មណ៍ខ្លួនថា គម្រោងព្រែកជីកនេះគឺជាគម្រោងប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជាដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ លោកបានបន្តថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺនឹងអាចជួយដល់ការដឹកជញ្ជូនតាមផ្លូវទឹកដែលធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនទាបជាងមុន ពិសេសបានផ្លូវទឹកថ្មីដែលជាប្រព័ន្ធស្រោចស្រពសម្រាប់ប្រជាពលរដ្ឋបង្កបង្កើនផលផងដែរ។

អភិបាលរងស្រុកកំពង់ត្រាច លោក ឡោ សុខន បានបង្ហាញក្តីរំភើបរីករាយដែរថា ក្នុងនាមអាជ្ញាធរ និងប្រជាពលរដ្ឋស្រុកកំពង់ត្រាច គឺចូលរួមគាំទ្រយ៉ាងពេញទំហឹង និងអរគុណដល់រាជរដ្ឋាភិបាលដែលបានជំរុញដល់គម្រោងព្រែកជីកមួយនេះឱ្យឆាប់លេចចេញជារួបរាងនាពេលខាងមុខ។ លោកអភិបាលរងបញ្ជាក់ថា គម្រោងនេះគឺពិតជាមានប្រយោជន៍ច្រើនណាស់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់ត្រាច ពិសេសនឹងធ្វើឱ្យសេដ្ឋកិច្ចក្នុងស្រុក ក៏ដូចជាជីវភាពរស់នៅរបស់ពលរដ្ឋមានភាពល្អប្រសើរជាងមុន។

សូមបញ្ជាក់ថា ស្រុកកំពង់ត្រាច គឺជាស្រុកមួយក្នុងចំណោមស្រុកចំនួន៣ របស់ខេត្តកំពត ដែលគម្រោងព្រែកជីកហ្វូណនតេជោឆ្លងកាត់ ហើយកន្លងមក ទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពតគ្រូប់រូប បានគាំទ្រយ៉ាងពេញទំហឹង និងទន្ទឹងរង់ចាំមើលព្រែកជីកនេះដែលនឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត












Post a Comment

0 Comments