Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រទះឃើញវត្តមានកូនផ្សោតក្បាលត្រឡោកមួយក្បាលទៀតក្នុងដែនសមុទ្រខេត្តកំពត ក្នុងសង្កាត់ព្រែកត្នោត

តាមការឱ្យដឹងពីអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមការងារមានព័ត៌មានដ៏រំភើបមួយពីព្រែកត្នោត នៃខេត្តកំពត ដោយយើងបានប្រទះឃើញកូនសត្វផ្សោតថ្មីមួយនៅដែនសមុទ្រខេត្តកំពត ក្នុងសង្កាត់ព្រែកត្នោត ដែលជាកន្លែងដែលក្រុមការងារចុះធ្វើការសិក្សាពីសត្វផ្សោតជាប្រចាំ។ វាជាការដែលមិននឹកស្មានដល់ ព្រោះកូនផ្សោតនេះជាប្រភេទផ្សោតក្បាលត្រឡោក រីឯផ្សោតធំគឺជាពូជសត្វផ្សោតឃ្លៀច(ក្នុងហ្វូង)។

នេះពិតជារឿងមិនធម្មតាទេ ព្រោះត្បិតតែប្រភេទសត្វផ្សោតទាំងពីរប្រភេទនេះមានលក្ខណៈខុសគ្នាខ្លះ ហើយជួនកាលអាចត្រូវបានឃើញនៅក្នុងក្រុមចម្រុះគ្នាក៏មាន ទំនាក់ទំនងពួកវាភាគច្រើនដែលក្រុមការងារបានសង្កេតឃើញក្នុងអំឡុងពេលចុះសិក្សា គឺដោយសារតែប្រភពចំណីនៅក្នុងតំបន់តែមួយ មិនមែនដោយសារពួកវាស្វែងរកគ្នាទៅវិញទៅមកយ៉ាងសកម្មនោះទេ។ នៅពេលដែលរូបភាពនេះត្រូវបានថត សត្វផ្សោតក្បាលត្រឡោកធំ (សន្មត់ថាជាម្តាយ) ក៏នៅជាមួយក្រុមនេះផងដែរ។

ពាក់ព័ន្ធនឹងវត្តមានរបស់កូនផ្សោតមួយក្បាលដែលមានវត្តមាននៅក្នុងដែនសមុទ្រខេត្តកំពត ក្នុងសង្កាត់ព្រែកត្នោតនេះ លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឱ្យដឹងថា ក្រោមកិច្ចសហការរវាងក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានធ្វើការតាមដានយ៉ាងដិតដល់ចំពោះសត្វផ្សោតសមុទ្រ ដោយតាមដាននឹងពិនិត្យតាមហ្វូងផ្សោត ហើយនៅថ្ងៃទី៣១នេះ ក៏ប្រទះឃើញកូនផ្សោតថ្មីមួយក្បាល (ផ្សោតក្បាលត្រឡោក) ដែលបានហែលក្នុងហ្វូងផ្សោតដទៃទៀត ហើយបច្ចុប្បន្ននេះ ក្រុមការងារនៃអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) កំពុងបន្តតាមដានលើកូនផ្សោតថ្មីមួយក្បាលនេះ។

ជាមួយគ្នានេះដែរ ក្រុមការងារអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានបញ្ជាក់ថា កូនផ្សោតដែលប្រទះឃើញនេះ មានលក្ខណៈរូបរាងទាំងអស់របស់កូនសត្វផ្សោតក្បាលត្រឡោក តែវាស្ថិតនៅក្នុងហ្វូងដែលមានវត្តមានសត្វផ្សោតឃ្លៀក ហើយក្រុមការងារកំពុងព្យាយាមរកឱ្យឃើញនូវប្រភពកូនផ្សោតថ្មីនេះ ថាតើវាជាការបង្កាត់ពូជឬយ៉ាងណា ប៉ុន្តែវាអាចជាករណីពីរដែលអាចកើតមានឡើងចំពោះកូនផ្សោតថ្មីនេះ គឺទី១.ការចិញ្ចឹមកូនជំនួស (alloparenting): ពេលដែលការមើលថែរក្សាត្រូវបានផ្ដល់ដោយអ្នកដែលមិនមែនជាឪពុកម្តាយ។ នេះអាចកើតឡើងនៅក្នុងប្រភេទពូជតែមួយ ឬពូជខុសគ្នា ហើយរឿងនេះត្រូវបានកត់ត្រាពីមុននៅក្នុងប្រភេទសត្វទាំងនេះ ទោះបីជាវាកម្រក៏ដោយ។ ទី២.អាកប្បកិរិយាបែបហឹង្សាទាក់ទងនឹងការបន្ដពូជ។ ចំណុចនេះត្រូវបានចងក្រងជាឯកសារជាច្រើនដងរវាងប្រភេទសត្វទាំងនេះ ដែលជារឿយៗពាក់ព័ន្ធនឹងក្រុមសត្វផ្សោតឃ្លៀចឈ្មោលព្យាយាមបំបែកម្តាយ និងកូនចេញពីគ្នា។

ក្រុមការងារបានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះមិនទាន់ច្បាស់ថាករណីមួយណាជាការពិតនោះទេ ក្នុងចំណោមករណីទាំងពីរខាងលើ ហើយក្រុមការងារកំពុងបន្តតាមដាន ម្យ៉ាងទៀតកូនផ្សោតនេះត្រូវបានគេឃើញជាច្រើនដង ដោយសន្និដ្ឋានថាវាត្រូវបានម្ដាយជាអ្នកបំបៅ។ ក្រុមការងារអាចកំណត់អត្តសញ្ញាណសត្វផ្សោតដែលជាប់ពាក់ព័ន្ធតាមរយៈលេខសម្គាល់រូបថត ទោះបីជាយើងមិនអាចកំណត់ភេទក្រៅពីការប្រាស្រ័យទាក់ទងរបស់ពួកគេ (ឧទាហរណ៍៖ សត្វផ្សោតដែលតែងតែមានកូននៅជាមួយ យើងសន្មត់ថាជាញី និងជាម្តាយ)៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អង្គការ MCC






Post a Comment

0 Comments