Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រយៈពេល១ខែមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានចុះដល់វិទ្យាល័យចំនួន៧ ដើម្បីបំពេញបែបបទ និងធ្វើអត្តសញ្ញាណប័ណ្ណជូនសិស្សគ្រប់អាយុ

ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពត ក្នុងការពន្លឿន និងផ្តល់ភាពងាយស្រួលដល់សិស្សានុសិស្សនៅតាមវិទ្យាល័យនានាក្នុងខេត្តដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ក្នុងរយៈពេល១ខែកន្លងទៅនេះ មន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបានប្រើប្រាស់រថយន្តធ្វើអត្តសញ្ញាណបណ្ណចល័ត ចុះដល់វិទ្យាល័យចំនួន៧ ដើម្បីបំពេញបែបបទ និងធ្វើអត្តសញ្ញាណបណ្ណជូនសិស្សគ្រប់អាយុបានប្រមាណជិត ៩០០នាក់។

លោកវរសេនីយ៍ឯក យី គា នាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២ឥ២៤ថា ដោយអនុវត្តតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទៅ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ មន្ត្រីជំនាញការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានចុះចល័តបំពេញបែបបទជូនសិស្សានុសិស្សបានចំនួន០៧វិទ្យាល័យ ក្នុងនោះរួមមាន៖ ១.វិទ្យាល័យចំនេះទូទៅបច្ចេកទេសនិងព្រះរាជសម្ភារ, ២.⁠វិទ្យាល័យវឌ្ឍនវិជ្ជា, ៣.⁠វិទ្យាល័យមិត្តភាព កម្ពុជា ជប៉ុន កំពតក្រុង, ៤.⁠វិទ្យាល័យចំនេះទូទៅឯកជនឧត្តមវិជ្ជា, ៥.⁠វិទ្យាល័យហ៊ុនសែនត្រសេកកោង, ៦.⁠វិទ្យាល័យនរោត្តមរណឫទ្ធិ និង ៧.⁠វិទ្យាល័យហ៊ុនសែនបឹងព្រះ។ លោកនាយការិយាល័យបានបន្តថា ក្នុងការចុះបំពេញបែបបទជូនសិស្សានុសិស្សដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណទាំង៧វិទ្យាល័យនេះ មន្ត្រីជំនាញបានបំពេញបែបបទសរុបបានចំនួន ៨៥៣នាក់ ក្នុងនោះស្រី ៤៨៨នាក់។

សូមបញ្ជាក់ផងដែរថា កន្លងមកលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តបានបញ្ជាក់ថា រថយន្តធ្វើអត្តសញ្ញាណប័ណ្ណចល័តរបស់ស្នងការដ្ឋានដែលចុះទៅតាមវិទ្យាល័យនានាក្នុងខេត្តកំពត គឺមិនសំដៅចំពោះការបំពេញបែបបទធ្វើអត្តសញ្ញាណប័ណ្ណសម្រាប់តែសិស្សានុសិស្សនោះទេ ប្រជាពលរដ្ឋដែលបានបាត់អត្តសញ្ញាណប័ណ្ណ ខូច ឬហួសសុពលភាពក៏អាចបំពេញបែបបទក្នុងការធ្វើអត្តសញ្ញាណប័ណ្ណឡើងវិញបានដែរ។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំធ្វើការកែប្រែទិន្នន័យឱ្យខុសពីអត្តសញ្ញាណប័ណ្ណចាស់ ដែលការកែប្រែនេះគឺអាចនឹងធ្វើឱ្យការចេញអត្តសញ្ញាណប័ណ្ណជូនបងប្អូនមានការយឺតយ៉ាវ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments