ថ្លែងទៅកាន់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី ក្នុងពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងបរិវេណវត្តពោធិ៍ ស្ថិតក្នុងឃុំថ្មី ស្រុកទឹកឈូ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីទាំងអស់ ដែលនឹងត្រូវធ្វើការវាស់វែងនាពេលខាងមុខ ត្រូវចូលរួមសហការជាមួយមន្ត្រីក្រុមចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តឱ្យបានល្អ ដើម្បីពន្លឿននៃការចុះវាស់វែង។ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវអនុវត្តន៍បីចំណុចសំខាន់ៗដែលជួយធ្វើឱ្យការចុះបញ្ជីដីធ្លីនេះបានលឿន ដោយទី១. ត្រូវរៀបចំនូវឯកសារនៃការកសាងបណ្ណ ឯកសារដែលពាក់ព័ន្ធនឹងនីតិវិធីនៃការចេញបណ្ណឱ្យបានគ្រប់គ្រាន់តាមការណែនាំរបស់មន្ត្រីជំនាញ, ទី២. បងប្អូនដែលជាម្ចាស់ក្បាលដីទាំងអស់ ត្រូវទៅបោះបង្គោលព្រំរបស់ខ្លួនជាមួយអ្នកដែលជាប់ព្រំដីនឹងគ្នា ដើម្បីសម្គាល់ដីរៀងៗខ្លួនឱ្យបានច្បាស់លាស់ និងទី៣. សូមបងប្អូនដែលជាម្ចាស់ដីទាំងអស់ជៀសអោយផុតពីបញ្ហាទំនាស់ព្រំដី ដែលជាកត្តាមួយធ្វើឱ្យមានការយឺតយ៉ាវក្នុងដំណើរការអនុវត្តការងារចុះបញ្ជីដីធ្លីនេះ។
យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ការកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងឃុំថ្មី និងឃុំព្រៃថ្នង ស្រុកទឹកឈូនាពេលនេះមានចំនួន ១១ភូមិ ក្នុងនោះឃុំថ្មីមានចំនួន ៦ភូមិ គឺភូមិត្រសេកកោង ភូមិត្រពាំងច្រាប ភូមិថ្មី ភូមិវត្តពោធិ៍ ភូមិដូនស៊យ និងភូមិគោចិនលែង ចំណែកឯឃុំព្រៃថ្នងមានចំនួន ៥ភូមិ គឺភូមិចក្រីទីង ភូមិព្រៃថ្នង ភូមិទ្វារថ្មី ភូមិដំណាក់ហ្លួង និងភូមិច្បារអំពៅ ដែលឃុំទាំងពីរខាងលើនេះមានផ្ទៃដីសរុបចំនួន ១២,០៨១ហិកតា មានក្បាលដីសរុបប្រមាណ ២០,៨៤៦ក្បាលដី ស្មើនឹង ១០,២១២គ្រួសារ ហើយក្រុមការងាររបស់មន្ទីរនឹងធ្វើការចុះវាស់វែង ប្រមូលទិន្នន័យជូនបងប្អូនប្រជាពលរដ្ឋចាប់ពីថ្ងៃប្រកាសតំបន់វិនិច្ឆ័យនេះតទៅ៕អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments