នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នេះឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៩៥គ្រួសារ ក្នុងស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ដែលពិធីនេះរៀបចំធ្វើឡើងចំនួនពីរទីតាំងទី១ រៀបចំនៅក្នុងបរិវេណវត្តពោធិ៍ជុំ ក្នុងស្រុកអង្គរជ័យចំនួន ៦៩គ្រួសារ និងទីតាំងទី២រៀបចំនៅក្នុងបរិវេណវត្តកំពូលមាស ក្នុងស្រុកកំពង់ត្រាច ចំនួន ២៦គ្រួសារ ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការចូលរួមសោកស្តាយ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលទទួលរងនូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់ទាំងអស់។ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានបន្តថា ជានិច្ចកាលសម្តេចប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ក៏បានបន្តដែរថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាន់តែមានភាពកក់ក្តៅ ភាពសុខដុមរម្យនា និងការអភិវឌ្ឍន៍កាន់តែប្រសើរនៅគ្រប់មូលដ្ឋាន និយាយដោយឡែកខេត្តកំពត បច្ចុប្បន្នគឺមានភាពល្អប្រសើរ និងការអភិវឌ្ឍរីកចម្រើនកើនឡើងជាលំដាប់។ ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផល ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង និងសូមប្រុងប្រយ័ត្ននៅពេលមេឃភ្លៀង កុំឱ្យក្មេងតូចៗចេញពីផ្ទះ លុបបំបាត់ថ្លុកជ្រាំ សម្រាកក្នុងមុង និងចូលរួមគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក។
អំណោយផ្តល់ជូនពលរដ្ឋរងគ្រោះទាំង ៩៥គ្រួសាររួមមាន៖ ១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មី ១កេស និងថវិកា៥ម៉ឺនរៀល។ រីឯគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៣គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ តង់ ១ដុំ និងថវិកា ២០ម៉ឺនរៀល។ ក្នុងឱកាសនោះឯកឧត្តម ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃចំនួនពីរវត្ត ដោយក្នុង ១វត្តទទួលបាន អង្ករ ៥០គីឡូក្រាម ទឹកត្រី ២យួរ ត្រីខ ២០កំប៉ុង មី ២កេស ទឹកសុទ្ធ ២កេស និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments