ប្រជាពលរដ្ឋចំនួន ៤០០នាក់ នៅក្នុងឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បានទទួលការព្យាបាលជំងឺដោយមិនគិតប្រាក់ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌ របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកខេត្តកំពត ព្រះសីហនុ និងខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកដងទង់ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងបរិវេណវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ដងទង់។
មានប្រសានសន៍សំណេះសំណាលក្នុងពិធីនេះ ឯកឧត្តម សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ដោយទទួលបានការណែនាំពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពីសុខទុក្ខ ពិសេសសុខភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌មកពីប្រទេសបារាំង ដែលជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងស្រុកដងទង់ដោយឥតគិតថ្លៃ។ ឯកឧត្ដមបានបន្តថា ការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយមិនគិតថ្លៃដល់មូលដ្ឋាននេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាកប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពីការបង្ខិតសេវាផ្សេងៗឱ្យកៀកនិងប្រជាពលរដ្ឋ ពិសេសការថែទាំសុខភាពពលរដ្ឋ ដែលជាចំណុចអាទិភាពមួយក្នុងចំណោមចំណុអាទិភាពទាំង៥ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងដែរថា ប្រជាពលរដ្ឋដែលបានរស់នៅលើទឹកដីកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាពគឺពិតជាមានសំណាងខ្លាំងណាស់ ដែលមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ ប៉ិនប្រសប់ក្នុងការដឹកនាំប្រទេស តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព រហូតមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចទាំងទ្វេតែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទូទាំងប្រទេស ដោយមិនទុកចោល មិនរត់ចោល ប្រជាជនរបស់ខ្លួននោះឡើយ។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនពលរដ្ឋក្នុងមូលដ្ឋាននៃស្រុកដងទង់នាពេលនេះ គឺបានបង្ហាញពីការស្រឡាញ់ និងគិតគូអំពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបង្កលក្ខណៈងាយស្រួលក្នុងការព្យាបាលជំងឺផ្សេងៗជូនពលរដ្ឋ ដើម្បីកាត់បន្ថយការចំណាយ និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
តាមការឱ្យដឹងពីឯកឧត្តម យ៉ា សាដេត ទីប្រឹក្សាក្រសួងដែនដី នគរូបណីយកម្ម និងសំណង់ និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា យុទ្ធនាការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌មកពីប្រទេសបារាំង បានធ្វើឡើងតាមបណ្តាខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ សៀមរាម ក្រចេះ ព្រៃវែង តាកែវ ព្រះសីហនុ រាជធានីភ្នំពេញ ហើយបានបន្តមកខេត្តកំពត និងខេត្តកែបបន្តទៀត។ ឯកឧត្តមបានបន្តថា ការចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ ក្នុងមួយខេត្តធ្វើឡើងចំនួន ២ទៅ ៣ដងក្នុងមួយឆ្នាំ ហើយក្នុងម្តងៗមានរយៈពេល ២ទៅ ៣ថ្ងៃ ហើយក្នុងមួយថ្ងៃពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋបានប្រមាណពី១០០ ទៅ ២០០នាក់៕
0 Comments