នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត រួមជាមួយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជាជានិច្ចកាលតែងតែយកចិត្តទុកដាក់នូវរាល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបញ្ហាប្រឈមខ្វះទឹក ដោយបានណែនាំឱ្យក្រសួងធនធានទឹក និងឧតុនិយមចុះអន្តរាគមន៍តាមគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាទឹក សម្រាប់បម្រើឱ្យការងារស្រោចស្រព និងប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋ។ ជាក់ស្តែងការងារជីកស្តារស្រះទំហំ ១២៥ គុណ ៤៥ ម៉ែត្រ ជម្រៅ ៣ ម៉ែត្រ ក្នុងភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពតនេះ គឺជាផ្នែកមួយនៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថាន ហើយតាមរយៈគម្រោងនេះ ខេត្តកំពតទទួលបានគម្រោងជីកស្តារស្រះទឹក ទាំងស្រះសហគមន៍ និងស្រះឯកជនសរុបចំនួន ១៦០ស្រះ ដោយនៅជំហានទី១ គម្រោងអនុវត្តការងារជីកស្តារចំនួន ៨០ស្រះ នៅក្នុងស្រុកចំនួន៥ រួមមាន៖ ស្រុកដងទង់ ២៣ស្រះ ស្រុកបន្ទាយមាស ២២ស្រះ ស្រុកឈូក ១០ស្រះ ស្រុកជុំគិរី ២៤ស្រះ និងស្រុកទឹកឈូ ១ស្រះ។ រហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការងារជីកស្តារស្រះទឹកនៅជំហានទី១ សម្រេចបានប្រមាណ ៦០%។គួរបញ្ជាក់ថា គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរបរិស្ថានជាគម្រោងរួមរបស់ក្រសួងចំនួនបី ដើម្បីជួយដល់ប្រជាកសិករ ក្នុងនោះមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម ដោយអនុវត្តនៅលើខេត្តគោល ដៅ ចំនួនបួនគឺខេត្តកំពត ខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដែលក្នុងគម្រោងមានការជីកស្ដារស្រះទឹកសរុប ចំនួន ៨០០ស្រះ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments