Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ខេត្តកំពតប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤

នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមាភាពធន់នឹងអាកាសធាតុ” ក្រោមអធិបតីភាពឯកឧត្តម ញ៉ូវ សាឯម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដែរពិធីនេះប្រារព្ធធ្វើឡើងនៅសាលសន្និសិទបូកគោ។

តាមខ្លឹម នៃសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារ ដែលអានដោយឯកឧត្តម ញ៉ូវ សាឯម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានបង្ហាញថា ប្រធានបទឆ្នាំនេះមានគោលបំណងសំខាន់បង្ហាញអំពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីកកម្មវិធីផ្សព្វផ្សាយ ស្តីពីការថែទាំសុខភាពបឋមតាមសហគមន៍ និងពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការនាំវិធានការគន្លិះនានា ពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកំដៅបានកើនឡើងខ្ពស់មិនធ្លាប់មាន ដើម្បីពង្រឹងសេវាថែទាំសុខភាពឈ្ពោះទៅគ្របដណ្តប់សុខភាពសកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុកមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋល្អប្រសើរ។ នៅក្នុងឱកាសនោះដែរឯកឧត្តមអនុប្រធានកិត្តិយសគណៈកម្មាធិការសាខា  បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ និងសប្បុរសជនសូមបន្តជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារៈ និងថវិកាដើម្បីឱ្យកាកបាទក្រហមអាចបន្តបេសកម្មមនុស្សធម៌របស់ខ្លួនតទៅទៀត។

ជាមួយគ្នានេះដែរលោកជំទាវ យូ សុគន្ធ អនុប្រធានអចិន្ត្រៃ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពត  បានឱ្យដឹងថា ការប្រារព្ធមិទ្ទីងអបអរខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលនេះ គឺមានក្នុងគោលបំណងរំលឹកដល់ថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់កាកបាទក្រហម បង្កើនការយល់ដឹងអំពីប្រវត្តិចលនារបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និងបង្ហាញជូនពីលទ្ធផលការងារមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានអនុវត្តក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ជាក់ស្តែង សម្រាប់ឆ្នាំ២០២៣កន្លងទៅ សាខាបានធ្វើសកម្មភាពផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ធចំនួន  ២.៦៥៨គ្រួសារ ក្នុងនោះរួមមាន៖ ភ្លើងឆេះផ្ទះ ០៣គ្រួសារ ខ្យល់កន្រ្ទាក់ ១.៤៤២គ្រួសារ ខ្វះខាតស្បៀងចំនួន ៣៥៦គ្រួសារ  រន្ទះបាញ់ចំនួន ០៥ករណី ចូលរួមបុណ្យសពចំនួន ១៦០គ្រួសារ ឧបត្ថម្ភដល់អ្នកគ្រោះថ្នាក់ចរាចរណ៍ ០១នាក់ ជនពិការចំនួន ១៦គ្រួសារ ឧបត្ថម្ភចាស់ជរាគ្មានទីពឹងចំនួន ២០គ្រួសារ អ្នកផ្ទុកមេរោគអេដស៍ ១៥៦គ្រួសារ ស្រ្តីសម្រាលកូនតូច ៤៥២គ្រួសារ ឧបត្ថម្ភអ្នកជំងឺចំនួន ២៧គ្រួសារ ឧបត្ថម្ភជនរងគ្រោះដោយអំពើរហឹង្សាក្នុងគ្រួសាចំនួន ០៩គ្រួសា និងសាងសង់ជំរកជូនគ្រួសារ ងាយរងគ្រោះ និងចាស់ជរាគ្មានទីពឹងចំនួន ១១ខ្នងផ្ទះ។

តាមរយៈអង្គពិធី កាកបាទក្រហមកម្ពុជាសាខាខេត្តកំពត ប្រមូលថវិកាបរិច្ចាគពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ សមាជិក សមាជិកា និងសប្បុរសជននានានៅក្នុងខេត្ត ដោយតួលេខបឋមទទួលបានទឹកប្រាក់ចំនួន ៩៦,២៩២ដុល្លារ ផងដែរ ខណៈដែលឆ្នាំ២០២៣កន្លងទៅ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត មានសមតុល្យ សរុបចំនួន ២៤៤.៧៣៥.៩០០រៀល និង ១.០៥៨.៧៨៧ដុល្លា៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត































Post a Comment

0 Comments