ថ្លែងទៅកាន់កូនក្មួយកម្មករ កម្មការនី ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សហគ្រាសមួយជាមួយសហគមន៍សុខសាន្តមួយ” ក្នុងបរិវេណរោងចក្រ ដាប៉ុន កំពតស្ព័ត ក្នុងភូមិព្រៃថ្នង ឃុំថ្នង ស្រុកទឹកឈូ ខេត្តកំពត នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា បងប្អូនកូនក្មួយកម្មករ កម្មការនី ទាំងអស់មានការងារល្អៗធ្វើនៅពេលនេះ គឺបានកើតឡើងដោយសារតែការលះបង់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានខិតខំយកជីវិតទៅប្តូរដើម្បីរកមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ និងប្រជាជន ហើយរក្សាបាននូវស្ថេរភាពនយោបាយ ដែលជាកត្តាធ្វើឱ្យអ្នកវិនិយោគនៅលើពិភពលោកមានទំនុកចិត្តក្នុងការបណ្តាក់ទុនរកស៊ីក្នុងប្រទេសយើង។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ទម្រាំយើងបានមកដូចសព្វថ្ងៃនេះ ប្រជាពលរដ្ឋនៅទូទាំងប្រទេសគឺទទួលរងនូវការលំបាកក្នុងភ្លើងសង្គ្រាមប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ ដែលជំនាន់នោះពលរដ្ឋទាំងអស់ត្រូវបានបង្ខំឱ្យធ្វើការហួសកម្លាំង ហូបរួម រស់នៅរួម រស់នៅក្នុងគុកឥតជញ្ជាំងគ្មានសិទ្ធិសេរីភាពមានតែភាពល្វីងជូចត់។ តែក្រោយពីប្រទេសកម្ពុជាត្រូវបានរំដោះចេញពីភ្លើងសង្គ្រាមរួចមក ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់ការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជាត្រូវបានអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ មានអ្នកវិនិយោគជាច្រើនបានមកបើករោងចក្រហើយបានផ្តល់ការងារល្អៗជូនដល់ប្រជាពលរដ្ឋ ពិសេសបងប្អូនកូនក្មួយកម្មករ កម្មការនី នៅទូទាំងប្រទេស។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនកូនក្មួយដែលជាកម្មករ កម្មការនី ទាំងអស់ត្រូវធ្វើជាពលរដ្ឋល្អ គោរពវិន័យការងារ មានចរិតជាតិនិយម ដឹងគុណស្ថាបនិកសន្តិភាព ធ្វើយ៉ាងណារួមគ្នាធ្វើការងារឱ្យបានល្អ ឱ្យស្របទៅតាមប្រធានបទក្នុងទិវាពលកម្មអន្តរជាតិ “សហគ្រាសមួយជាមួយសហគមន៍សុខសាន្តមួយ” ដើម្បីជាផ្នែកមួយជួយទាក់ទាញវិនិយោគិនមកកម្ពុជា។
សូមបញ្ជាក់ថា ពិធីសំណេះសំណាលជាមួយកម្មករ កម្មការនី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៤នេះ មានការចូលរួមពីសំណាក់កម្មករ កម្មការនី ចំនួន ៣រោងចក្រ រួមមាន៖ រោងចក្រ ដាប៉ុន កំពត ស្ព័ត, រោងចក្រស៊ីម៉ង់ត៍ ថៃប៉ុនរ៉ុង និងរោងចក្រស៊ីម៉ង់ត៍ ចក្រីទីង ដែលមានកម្មករ កម្មការនី ចូលរួមសរុប ៤០០នាក់។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បាននាំយកនូវថវិកាដែលជាអំណោយរបស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កម្មករ កម្មការនី ដែលបានចូលរួមក្នុងម្នាក់ៗ ថវិកាចំនួន ៤ម៉ឺនរៀល ដោយឡែកកម្មការនីដែលមានផ្ទៃពោះចំនួន ១១នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុងចំនួន៣ និងថវិកាចំនួន ៤ម៉ឺនរៀលផងដែរ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments