មានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តកំពត នារសៀលថ្ងៃទី ៦ ខែឧសភាឆ្នាំ ២០២៤ នៅសាលាខេត្តកំពត ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា រយៈពេលចុងក្រោយនេះ ឯកឧត្តមបានកត់សម្គាល់ឃើញថា នៅក្នុងរបៀងសេដ្ឋកិច្ចតំបន់ឆ្នេរកម្ពុជា ខេត្តកំពតបាននឹងកំពុងប្រែក្លាយខ្លួនជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញ និងមានប្រជាប្រិយលំដាប់ទី២ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីខេត្តសៀមរាប។
ដោយឡែកចំពោះការងាររៀបចំដែន និងសំណង់ឯកឧត្តមយល់ឃើញថា ត្រូវរៀបចំដោយប្រើប្រាស់ឱ្យអស់នូវសក្តានុពលសេដ្ឋកិច្ចតាមតំបន់នីមួយៗ ក្នុងនោះការរៀបចំទីប្រជុំជន និងទីក្រុងក្នុងខេត្តកំពត អាជ្ញាធរ ត្រូវបន្តសហការជាមួយវិស័យឯកជន ដើម្បីចូលរួមថែរក្សាសោភ័ណភាព និងកែលម្អបង្កើនសោភ័ណភាពក្រុង ឱ្យកាន់តែមានភាពទាក់ទាញ និងសំបូរបែបបន្ថែមទៀត ដោយផ្តល់នូវការសម្រាកលំហែប្រកបដោយផាសុកភាព និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ។លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញដល់អាជ្ញាធរ និងអ្នកវិនិយោគ ស្វែងរកលទ្ធភាពក្នុង ការអភិវឌ្ឍន៍បុរីជនបទ នៅតាមបណ្តាស្រុក និងឃុំនានា និងត្រូវពិនិត្យមើលលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាទឹក អគ្គិសនី សាលារៀន មណ្ឌលសុខភាពជាដើម ឱ្យបានទៅដល់គ្រប់ទីប្រជុំជនក្នុងខេត្តនេះដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅនិងការធ្វើអាជីវកម្ម ប្រកបមុខរបរផ្សេងៗសម្រាប់បង្កើនជីវភាពគ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្តម ក៏បានប្រគល់សម្ភារៈបរិក្ខារជូនដល់មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត ដើម្បីជំរុញការងារចុះបញ្ជីដីធ្លីរួមមាន : កុំព្យូទ័រ Laptop ១២គ្រឿងរួមជាមួយសម្ភារៈបំពាក់, ម៉ាស៊ីនព្រីនធ័រ ១២គ្រឿង និងម៉ាស៊ីនស្គេន ៦គ្រឿងផងដែរ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments