Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សក្តានុពល និងការអភិវឌ្ឍន៍ខេត្តកំពតបង្កភាពងាយស្រួលយ៉ាងខ្លាំងដល់ការវិនិយោគរបស់វិស័យឯកជន

ម្ចាស់ក្រុមហ៊ុនធួរ និងជាស្ថាបនិកសេវាជិះទូកទេសចរណ៍កម្សាន្តតាមដងព្រែកកំពតដំបូងគេម្នាក់ លោក មាស រីម បានប្រាប់ឱ្យដឹងថា វត្តមានរបស់ទូកទេចរណ៍ “ណាហ្គា” អាចបន្តផ្តល់សេវាមកដល់ថ្ងៃនេះ ក៏ដោយសារមានការជ្រោមជ្រែងគាំទ្រពីអាជ្ញាធរ មន្ត្រីជំនាញ និងភ្ញៀវទេចរជាតិ អន្តរជាតិ ពិសេសលោក ម៉ៅ ធនិន អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការងារដឹកនាំ និងអភិវឌ្ឍន៍ខេត្ត ក្នុងន័យកាត់បន្ថយបាននូវភាពក្រីក្រ តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត។ ជាក់ស្តែងក្រុមអ្នករកស៊ីទូកដឹកភ្ញៀវទេសចរណ៍ក្នុងក្រុងកំពត ទទួលបានទីតាំងចំណតឆ្នេរខ្សាច់ថ្មីស្អាត និងទាក់ទាញ ធ្វើឱ្យភ្ញៀវមកជិះទូកលេងកម្សាន្តកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែកម្ចាស់អាហារដ្ឋាន និងផ្ទះលំហែ “ចុងប៉ូច” លោក អេង លីផេង ក៏បានបង្ហាញចិត្តសប្បាយរីករាយដោយសារការប្រកបរបររកស៊ីទទួលរបស់ខ្លួន មានដំណើរការល្អ។ លោកបន្តថា ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន វិស័យផ្សេងៗនៅក្នុងខេត្ត ពិសេសវិស័យទេសចរណ៍ គឺមានការអភិវឌ្ឍន៍រីកចម្រើនខ្លាំង ធ្វើឱ្យកំណើនភ្ញៀវជាតិ និងអន្តរជាតិមានការកើនឡើងគួរឱ្យកត់សំគាល់ តាមរយៈការកែលម្អសោភ័ណភាពក្រុង និងការបង្កើតសមទ្ធិផលថ្មីៗគួរឱ្យទាក់ទាញជាច្រើនដូចជា ការរៀបចំទីតាំងចំណតទូកទេសចរណ៍នៅឆ្នេរខ្សាច់ចន្លោះស្ពានថ្មី និងស្ពានរថភ្លើង ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានថ្មី និងស្ពានឥន្ទធនូ សួនកម្សាន្តរូបសំណាកត្រីសេះសមុទ្របាញ់ទឹក កែលម្អសួនច្បារ និងផ្លូវតាមបណ្តោយមាត់ព្រែក(សួនត្រីផ្សោត) រួមទាំងឆ្នេខ្សាចកម្សាន្តកោះស្មៅផងដែរ។

ទន្ទឹមនឹងនេះដែរ ភ្ញៀវទេសចរណ៍ដែលបានមកលេងកម្សាន្តក្នុងខេត្តកំពត ក៏បានកោតសរសើរអំពីកិច្ចខិតខំដឹកនាំអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានភាពរីកចម្រើន និងទាក់ទាញកាន់តែខ្លាំងរបស់លោកអភិបាលខេត្តកំពតផងដែរ និងថាពលរដ្ឋខេត្តកំពតពិតជាមានសំណាង ដែលមានមេដឹកនាំខេត្តល្អ មានគុណធម៌ ប៉ិនប្រសប់ទាំងការងារសម្របសម្រួលដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងការដឹកនាំអភិវឌ្ឍន៍ខេត្ត រហូតមានគំនិតច្នៃបង្កើតរូបសំណាក់ត្រីសេះសមុទ្របាញ់ទឹកធ្វើឱ្យមានភាព និងបានស្រូបទាញទេសចរឱ្យមកកម្សាន្តភ្លូកទឹកភ្លូកដី ព្រមទាំងល្បីដល់ក្រៅប្រទេសផងដែរ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានមានប្រសាសន៍ថា លោកមានមោទកភាពចំពោះការដឹកនាំរបស់លោកអភិបាលខេត្ត ពិសេសការលើកកម្ពស់វិស័យទេសចរណ៍ឱ្យងើបឡើងវិញបានយ៉ាងឆាប់រហ័ស បន្ទាប់ពីវិបត្តិសាកល នៃជំងឺកូវីដ-១៩ ក៏ដូចជាក្នុងអំឡុងវិបត្តិសង្គ្រាម រុស្ស៊ី និងអ៊ុយគ្រែន ជាដើម។ លោកបានបញ្ជាក់ថា មកដល់ពេលនេះ ទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគជាតិ និងអន្តរជាតិ បានចាប់ផ្តើមវិលត្រឡប់មកខេត្តកំពតវិញយ៉ាងច្រើនដោយមិននឹកស្មានដល់។ ខេត្តកំពតមានរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទាក់ទាញសរុប ៣៩កន្លែង និងមានសេវាស្នាក់នៅគ្រប់កម្រិត ជាង ៥ពាន់បន្ទប់ ហើយពេលចូលឆ្នាំថ្មីរយៈពេលបួនថ្ងៃកន្លងទៅនេះ ខេត្តកំពតមានភ្ញៀវមកសម្រាកកម្សាន្ត ពិសេសមកថតរូបអនុស្សាវរីយ៍នៅតំបន់ត្រីសេះសមុទ្របាញ់ទឹក ប្រមាណជាង ១លាននាក់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




























Post a Comment

0 Comments