Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

កម្លាំងសមត្ថកិច្ចខេត្តកំពតជាង៩០០នាក់ និងដាក់ពង្រាយដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ដើម្បីថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃខាងមុខនេះ ស្នងការដ្ឋាននគរបាលខេត្តកំពតបានត្រៀមកម្លាំងប្រមាណជាង៩០០នាក់ ដោយបែងចែកទៅតាមបណ្តាស្រុក ពិសេសក្រុងកំពត។ ទន្ទឹមនឹងនោះ ការរិតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍នឹងត្រូវធ្វើឡើងដើម្បីទប់ស្កាត់គ្រោះថ្នាក់លើដងផ្លូវផងដែរ។

តាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធមធុរិទ្ធ ស្នងការនរគបាលខេត្តកំពត នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ កម្លាំងសមត្ថកិច្ចចំនួន ៩៣១នាក់ នឹងត្រូវបានដាក់ពង្រាយនៅតាមបណ្តាក្រុង-ស្រុក និងគោលដៅសំខាន់ៗមួយចំនួន ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តក្នុងខេត្ត។ លោកឧត្តមសេនីយទោស្នងការបានបន្តថា ដោយឡែកសម្រាប់កម្លាំងដែលនឹងត្រៀមប្រើប្រាស់ក្នុងខេត្តដែលជាកន្លែងសម្បូរទៅដោយតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តច្រើន ពិសេសបញ្ជៀសការកកស្ទះចរាចរណ៍ក្នុងក្រុង គឺប្រើប្រាស់កម្លាំងចំនួន ៤៦២នាក់។

ទន្ទឹមនឹងនោះ លោកស្នងការបានបញ្ជាក់បន្ថែមថា ការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ក៏នឹងត្រូវធ្វើឡើងផងដែរនៅតាមបណ្តាក្រុង-ស្រុកទាំង៩ ដោយឡែកការត្រួតពិនិត្យល្បឿនយានយន្តលើដងផ្លូវជាតិលេខ៣ នឹងត្រូវធ្វើឡើងដោយបែងចែកទៅតាមគោលដៅនៃស្រុកទាំងបី។ លោកឧត្តមសេនីយ៍ទោស្នងការបានបន្តថា ចំពោះការអនុវត្តច្បាប់ចរាចរណ៍ត្រួតពិនិត្យល្បឿនយានយន្តស្នងការដ្ឋាននគរបាលនឹងធ្វើការជូនដំណឹងជាមុនដល់អ្នកធ្វើដំណើរទាំងអស់ នៅគោលដៅដែលត្រូវត្រួតពិនិត្យ។ ហើយការរិតបន្តឹងច្បាប់ចរាចរណ៍នេះធ្វើឡើងដើម្បីបង្កាគ្រោះថ្នាក់ផ្សេងៗនៅលើដងផ្លូវ ក៏ដូចជាបង្កាការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ។

តាមការរំពឹងទុករបស់អាជ្ញាធរខេត្តកំពត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលមានរយៈពេល ៤ថ្ងៃខាងមុខនេះ ខេត្តកំពតអាចនឹងទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងឆ្នាំមុនៗ ព្រោះក្រោយរូបសំណាកសេះសមុទ្រ និងតំបន់ឆ្នេរត្រូវបានបើកឱ្យភ្ញៀវទេសចរចូលលេងកម្សាន្ត បានធ្វើឱ្យកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅតំបន់ថ្មីៗទាំងនោះច្រើនគួរឱ្យកត់សម្គាល់ ពិសេសរូបសំណាកសេះសមុទ្រ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត





















Post a Comment

0 Comments