Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ ការអភិវឌ្ឍតំបន់ទេសចរណ៍ឱ្យមានភាពទាក់ទាញគឺដើម្បីផលប្រយោជន៍ពលរដ្ឋ និងកិត្តិសព្ទរបស់ប្រទេសជាតិ

ដោយសារតែខេត្តកំពតជាខេត្តមួយជាប់នឹងតំបន់ឆ្នេរសមុទ្រកម្ពុជា ហើយក៏ជាខេត្តដែលសំបូរទៅដោយតំបន់ទេសចរណ៍ជាច្រើនដូចជា តំបន់ភ្នំ សមុទ្រ ព្រែក រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រ រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ពិសេសនោះគឺមានព្រែកចំកណ្តាលក្រុង ព្រមទាំងមានកន្លែងដែលមិនទាន់កែច្នៃជាច្រើនទៀត ដូច្នេះយើងត្រូវធ្វើយ៉ាងណាអភិវឌ្ឍន៍ និងកែច្នៃតំបន់ដែលមានស្រាប់ដើម្បីស្រូបទាញផលប្រយោជន៍ជូនពលរដ្ឋក្នុងខេត្ត។

មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ ក្រុមជាង និងអ្នកសំអាតអនាម័យក្នុងក្រុងកំពត នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ខេត្តកំពតគឺជាខេត្តមួយដែលពោពេញទៅដោយសក្តានុពលទេសចរណ៍ ហើយជាខេត្តដែលទេសចរណ៍មកកម្សាន្តមិនចេះធុញទ្រាន់ ព្រោះមានកន្លែងដើរលេងកម្សាន្តច្រើន និងប្លែកៗ ពិសេសមានឆ្នេរកម្សាន្តជាប់មាត់ព្រែក រូបសំណាកសេះសមុទ្របាញ់ទឹក ទិដ្ឋភាពភ្នំបូកគោ ដែលយើងទាំងអស់គ្នាត្រូវមានការកែច្នៃឱ្យបានស្អាត ដើម្បីស្រូបយកផលប្រយោជន៍ពីធនធានដែលមានសក្តានុពលទាំងនោះ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការស្ថាបនា និងការអភិវឌ្ឍតំបន់ទេសចរណ៍នានាក្នុងខេត្តឱ្យមានភាពទាក់ទាញ គឺដើម្បីកិត្តិនាម កិត្តិសព្ទរបស់ជនជាតិយើង និងតំកល់ឱ្យបាននូវកិត្តិយស់ កិត្តិសព្ទរបស់ប្រទេសយើង ជនជាតិយើង ក្រោមម្លប់នៃសុខសន្តិភាពដែលយកមកដោយលំបាក និងការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន។ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា ការស្ថាបនាឆ្នេរកម្សាន្តតាមបណ្តោយព្រែកកំពង់បាយ និងរូបសំណាកសេះសមុទ្រនេះ គឺជាការស្ថាបនាបឋមប៉ុណ្ណោះ ព្រោះខេត្តកំពតនៅមានសមិទ្ធិផលធំៗជាច្រើនទៀតដែលត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខ។

ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ក្រុមកម្មករ ក្រុមជាង និងអ្នកសំអាតអនាម័យក្នុងក្រុងកំពតទាំងអស់ ដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងធ្វើឱ្យខេត្តកំពតស្អាត និងលេចឡើងនូវសមិទ្ធិផលសំខាន់ៗជាច្រើន និងមានទាន់ពេលវេលា។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្តដល់ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមឱ្យបានសកម្មបន្ថែមទៀតក្នុងការជួយកសាងនូវសមិទ្ធិផលដែលបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសប្រយោជន៍រួមសម្រាប់ខេត្ត។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលដ្ឋក្នុងខេត្តកំពតទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកមុខមាត់ខេត្តរបស់យើង ឱ្យសាកសមជាខេត្តទេសចរណ៍។ បន្ទាប់ពីពិធីសំណេះសំណាលរួចមកឯកឧត្តមអភិបាលខេត្តក៏បានចុះពិនិត្យទីតាំងសេះសមុទ្របាញ់ទឹក និងវេរ៉ង់ដាសួនត្រីផ្សោត ដែលជាទីតាំងត្រូវបើកឱ្យពលរដ្ឋ និងភ្ញៀវទេសចរចូលលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង












Post a Comment

0 Comments