Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

តំបន់ផ្សារក្រណាត់ក្រុងកំពតទីប្រមូលផ្តុំ និងពេញនិយមសម្រាប់ទេសចរចម្រុះជាតិសាសន៍ក្នុងខេត្តកំពត នឹងកាន់តែមានភាពទាក់ទាញពេលចូលឆ្នាំថ្មីនេះ

ផ្សារក្រណាត់ ជាផ្សារចំណាស់បំផុតមួយ នៅកណ្តាលក្រុងកំពត ដែលព័ទ្ធជុំវិញទៅដោយសំណង់អគារចាស់ៗបន្សល់ទុកពីសម័យអាណាមិគមបារាំង (អគាររចនាបទបារាំង) ប្រមាណជាង ៣០០ខ្នង ដែលបច្ចុប្បន្នអគារទាំងនោះ ត្រូវបានរៀបចំជាអាហារដ្ឋាន កន្លែងលក់វត្ថុអនុវស្សាវរីយ៍ ក្លិប ផាប់ និងបារ សម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តទាំងពេលថ្ងៃ និងពេលយប់។

អ្នកបម្រើការងារនៅអាហារដ្ឋាន ដឺជេប្រេក (The J Break ) បានប្រាប់ឱ្យដឹងថា ដើម្បីអបអរសាទរ និងទទួលស្វាគមន៍ទេសចរនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលដ៏ខ្លីខាងមុខ ឌីជេប្រេក (The J Break ) អាហារដ្ឋានដែលបានបើកមុនគេ និងមានការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិច្រើនជាងគេនោះ បានត្រៀមលក្ខណៈរួចរាល់ហើយ ទាំងការតុបតែងលម្អកន្លែង ការពង្រឹងសេវាកម្ម អនាម័យ បរិស្ថាន ពិសេសនៅតែរក្សាតម្លៃនៅដដែល ដោយមិនតម្លើងថ្លៃនោះទេ ដោយស្របទៅតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត ពិសេសអាជ្ញាធរខេត្តកំពត។

ចំណែកបុគ្គលិកបំរើការងារនៅភោជនីយដ្ឋាន និងស្កាយបារ កាប៉ាល់ (KAPAL) កញ្ញា មុន្នីរ័ត្ន ក៏បានប្រាប់ឱ្យដឹងដែរថា តំបន់ផ្សារក្រណាត់បច្ចុប្បន្នមានការពេញនិយមខ្លាំង និងទាក់ទាញបំផុតសម្រាប់ភ្ញៀវបរទេស ហើយក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ មិនថានៅភោជនីយដ្ឋាន កាប៉ាល់ ឬនៅកន្លែងផ្សេងៗដែលមានទីតាំងនៅផ្សារក្រណាត់នេះ បានរៀបចំស្ទើររួចរាល់ ទាំងសោភ័ណភាព អនាម័យបរិស្ថាន និងការពង្រឹងសេវាកម្មរបស់ខ្លួនឱ្យល្អជាងមុន។ កញ្ញាបានបញ្ចាក់ថា ការលក់ដូរក្នុងតំបន់ផ្សារក្រណាត់គ្មានការតម្លើងថ្លៃទេ មានតែរួមគ្នាធ្វើប្រូសិនពិសេស ដើម្បីទាក់ទាញភ្ញៀវឱ្យមកលេងកម្សានត្តសប្បាយដោយរីករាយ និងនឹកឃើញដល់ខេត្តកំពតជានិច្ច ក្រោយពេលត្រឡប់ទៅវិញ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា តំបន់ផ្សារក្រណាត់មានភាពទាក់ទាញខ្លាំង ដោយសារតំបន់នោះសម្បូរហាងលក់ដូរ ហាងស្ប៉ា ម៉ាស្សា អាហារដ្ឋាន ក្លិប ផាប់ និងបារ រួមទាំងវិថីម្ហូបអាហារនៅតាមសួនច្បារផង ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ងាយស្រួលក្នុងការស្វែងរកសេវា ហើយមានជម្រើសច្រើន។ លោកបានបន្តថា តាមការណែនាំពីថ្នាក់ដឹកនាំក្រសួង ពិសេសលោក ម៉ៅ ធនិន អភិបាលខេត ខេត្តកំពតបានគ្រោងរៀបចំធ្វើយ៉ាងណាឱ្យតំបន់ផ្សារក្រណាត់កាន់តែមានភាពទាក់ទាញ និងល្បីល្បាញដូចតំបន់ផាប់ស្ទ្រីតនៅខេត្តសៀមរាប ខណៈដែលបច្ចុប្បន្នក្រុមហ៊ុនកាហ្វេប្រេនអន្តរជាតិធំៗ បានមកវិនិយោគនៅតំបន់នេះជាបណ្តើរៗហើយ។ លោករំពឹងថា តំបន់ផ្សារក្រណាត់ទៅថ្ងៃមុខ នឹងក្លាយជាទីកន្លែងមួយដែលប្រមូលផ្តុំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកស្នាក់នៅរយៈយូរជាងគេ និងច្រើនជាងគេនៅកម្ពុជា ព្រោះខេត្តកំពតមានសត្តានុពល និងសម្បូរកន្លែងទាក់ទាញទេសចរច្រើន៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត


















Post a Comment

0 Comments