នាព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលកាការងារ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនៅសាលសន្និសីទបូកគោ សាលាខេត្តកំពត។
មានប្រសាសន៍ក្នុងអង្គសន្និបាត លោកស្រី ហ៊ុន ចាន់ធី មៅ ធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានលើកឡើងថា ខេត្តកំពតក្រោមការដឹកនាំរបស់ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត បានបង្កលក្ខណៈជួយសម្របសម្រួល និងដោះស្រាយបាននូវបញ្ហាបានជាច្រើន ជាពិសេសពាក់ព័ន្ធជាមួយនឹងស្ត្រី រួមនឹងការដោះស្រាយក្រៅប្រព័ន្ធតុលាការផងដែរ។ លោកជំទាវបានបន្តថា សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត កន្លងមកបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើនដូចជា ការងារមនុស្សធម៌ ការផ្តល់ជូននូវចង្ក្រានសន្សំសំចៃថាមពល និងធុងចម្រោះទឹកស្អាតដល់ប្រជាពលរដ្ឋក្រីក្រ ការចូលរួមជាអ្នកសង្កេតការណ៍បោះឆ្នោតជាដើម។មានមតិសំណេះសំណាលក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានថ្លែងការកោតសសើរចំពោះ លោកស្រី ហ៊ុន ចាន់ធី មៅ ធនិន ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេតកំពត ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី អនុវត្តឱ្យបាននូវទិសដៅ ភារកិច្ច ដោយឈរលើស្មារតីសាមគ្គីភាព ឯកភាព សហការគ្នាល្អ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា បងប្អូននារី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្តកំពត បានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ចជូនជាតិមាតុភូមិពីដំណាក់កាលមួយទៅដំណាក់កាលមួយ ជាពិសេស ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិនខ្លាចនឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ និងការអភិវឌ្ឍខេត្តកំពត រហូតទទួលបានជោគជ័យយ៉ាងធំធេងជាបន្តបន្ទាប់។ បច្ចុប្បន្ននេះ នារីនៅតែជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិវឌ្ឍជាតិ។
ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិតបានសំណូមពរ អាជ្ញាធរខេត្ត និងអង្គភាពនានាបន្តការគាំទ្រ សហការណ៍ និងបង្កលក្ខណៈដល់ថ្នាក់ដឹកនាំនារី ព្រមទាំងសមាជិកាទាំងអស់អាចបំពេញភារកិច្ចក្នុងក្របខ័ណ្ឌសមាគមបានល្អ ដោយត្រូវផ្តោតការយកចិត្តទុកដាក់លើការងារស្នូលមួយចំនួនដូចជា៖ ១.អនុវត្តឱ្យបាននូវទិសដៅការងារ របស់សមាគមនារី និងគណៈចលនាស្ត្រី តាមរយៈការពង្រឹង ពង្រីកសមាជិកភាព ពង្រឹងរបៀបរបបធ្វើការងារ និងថែរក្សាស្មារតីសាមគ្គីភាព ឯកភាពទស្សនៈ គោលជំហរនយោបាយ សតិអារម្មណ៍ឱ្យកាន់តែរឹងមាំ។ ២.រក្សារបៀបរាយការណ៍ជាប្រចាំ ពង្រឹងនិងបង្កើនប្រសិទ្ធភាពដឹកនាំកិច្ចសហការល្អ ជាមួយស្ថាប័នគ្រប់លំដាប់ថ្នាក់ ជាពិសេស គណៈចលនាមហាជន ក្រុមចលនាស្ត្រី ។ ៣.ពង្រឹង និងពង្រីកទំនាក់ទំនងល្អជាមួយសប្បុរសជន អង្គការសមាគមដែលធ្វើសកម្មភាពនៅក្នុងខេត្ត និងផ្នែកពាក់ពន្ធ័ទាំងអស់។ ៤.ត្រូវស្មោះត្រង់ និងរក្សាទំនាក់ទំនងនិងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ តាមរយៈការចុះមូលដ្ឋានជាប់ជាប្រចាំ ជួបប្រជុំជាមួយបងប្អូននារី ដើម្បីអប់រំ ផ្សព្វផ្សាយ បំពាក់បំប៉ន ពង្រឹងសតិអារម្មណ៍ ចិញ្ចឹមចលនា ក្តាប់ឱ្យបានជាប់នូវតម្រូវការ របស់ប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលានូវតម្រូវការចាំបាច់របស់គាត់។ ៥.ពង្រឹងសីលធម៌រស់នៅស្អាតស្អំ រក្សាប្រពៃណីល្អ និងសេចក្តីថ្លៃថ្នូររបស់ជាតិយើង ជាពិសេស ការផ្ដល់តម្លៃដល់ស្ត្រី និងការថែរក្សា ការពារកិត្តិយស្ត្រី និងរួមចំណែកទប់ស្កាត់អំពើពាលាអាវ៉ាសែ អំពើហឹង្សា ការរំលោភ ការសេពគ្រឿងញៀន គ្រឿងស្រវឹង៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
0 Comments