Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូជានិច្ចចំពោះវិស័យអប់រំ ពិសេសការអភិវឌ្ឍធនធានមនុស្ស

នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចុះពិនិត្យផ្ទាល់ទីតាំងសម្រាប់សាងសង់អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងសាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត ស្ថិតក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ក្រោយទទួលបានសំណូមពរ និងពិនិត្យជាក់ស្តែងឃើញអំពីការខ្វះខាតអគារសិក្សា ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីអនុវត្តន៍ ដែលក្នុងនោះរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយក្នុងនោះ មនុស្ស គឺសំដៅលើការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ មានគុណភាព ដើម្បីចូលរួមក្នុងការបំរើសង្គមជាតិ ដូច្នេះរាល់តម្រូវការសម្រាប់ការងារនេះ គឺសម្តេចមហាបវរធិបតីតែងតែគិតគូជាប់ជានិច្ច។ ឯកឧត្តមបានបន្តថា អគារសិក្សាដែលអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី សម្រាប់សាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត នាពេលនេះ គឺមានមួយខ្នងពីរជាន់ស្មើនឹងដប់បន្ទប់ សម្រាប់ឱ្យលោកគ្រូ អ្នកគ្រូ បានបណ្តុះបណ្តាលសិស្សានុសិស្សទៅតាមតម្រូវរូវការ ក៏ដូចជាការកើនឡើងនៃចំនួនសិស្សានុសិស្សផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ទាំងអស់ត្រូវធ្វើយ៉ាងណាខិតខំបណ្តុះបណ្តាលសិស្សានុសិស្សប្រកបដោយគុណភាព និងមានចំណេះដឹងខ្ពង់ខ្ពស់ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើន ពិសេសត្រូវបណ្តុះនូវវប្បធម៌កត្តញ្ញូដល់សិសក្សានុសិស្សឱ្យបានដឹងពីគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីរកសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។

លោកស្រី ទេព ដារ័ត្ន នាយិកាសាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត តំណាងឱ្យលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស បានសំដែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណជាពន់ពេកចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់អំណោយអគារសិក្សាជូនដល់សាលា និងសិស្សានុសិស្សនាពេលនេះ ហើយនេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលក្នុងវិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ជាមួយគ្នានេះដែរ លោកស្រីនាយកាក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ម៉ៅ ធនិន អិបាលខេត្តកំពត ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការ ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងខេត្ត ពិសេសចុះជួប និងដោះស្រាយដោយផ្ទាល់៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង




















Post a Comment

0 Comments