អំណោយសប្បុរសធម៍រួមមាន កាបូបកូនក្សិស្សចំនួន ១ ០០០ និង រទេះ រុញ សម្រាប់អ្នកពិបាកដើរ អាចអង្គុយបានចំនួន ៥០ គ្រឿង ត្រូវបានអ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, ប្រធានសមាគមស្បែកជើងកម្ពុជា និងប្រធានកិតិ្តយសសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA) រួមជាមួយសមាគម និងអ្នកវិនិយោគិនចិន បាននាំយកមកជូន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែង អំណរគុណចំពោះ អ្នកឧកញ៉ា លី ឃុនថៃ រួមទាំងសមាគម និងអ្នកវិនិយោគិន ចិន ដែលបានផ្តល់អំណោយ កាបូបកូនសិស្ស និង រទេះ រុញ ដើម្បីទុកចែកជូនដល់កូនចៅមន្ត្រីនៃក្រសួងព័ត៌មាន ដែលមានជីវភាពខ្វះខាត និងមួយចំណែកទុកសម្រាប់ចែកជូនក្មួយៗសិស្សានុសិស្ស និងរទះរុញ សម្រាប់បងប្អូនប្រជាពលរដ្ឋ នៅតាមទីជនបទក្នុងមូលដ្ឋានខេត្តក្រចេះ។
ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនពីគោលការណ៍អនុវត្តមួយចំនួនដើម្បីលើកកម្ពស់គុណភាពនៃការរស់នៅរបស់មន្ត្រីរាជការក្រសួងព័ត៌មាន រួមមាន៖ កសាងភាពជាដៃគូជាមួយមជ្ឈមណ្ឌលរោគវិនិច្ឆ័យប៊ីយ៉ូមេឌីក បញ្ចុះតម្លៃ៣០% ពេលមន្ត្រីរាជការនៃក្រសួងព័ត៌មាន ទទួលប្រឹក្សាវេជ្ជសាស្ត្រ, ការគិតគូរពីជីវភាពដោយឧបត្ថម្ភអង្ករ និងគ្រឿង ឧបភោគបរិភោគមួយចំនួនជាប្រចាំខែដល់មន្ត្រីដែល្វះខាត, ការដាក់ចុះនូវគោលការណ៍ ក ៣ ដើម្បីជួយគាំទ្របន្ថែមដល់មន្ត្រីរាជការ ពេលសម្រាលបុត្រ ពេលរៀបអាពាហ៍ពិពាហ៍ និងពេលទទួលមរណភាព, ព្រមទាំងគិតគូរពីការផ្តល់អាហារូបករណ៍ដល់កូនៗរបស់មន្ត្រី ព្រមទាំងបង្កើតទារកដ្ឋានសម្រាប់មន្ត្រីរាជការជាស្ត្រីដែលមានកូនខ្ចីអាចបំបៅដោះកូន និងរៀបចំឱ្យមានបណ្ណាល័យដើម្បីកុមារតូចៗ។
អ្នកឧកញ៉ា លី ឃុនថៃ បានបញ្ជាក់ជូនថា អំណោយដែលយកមកជូនដល់ក្រសួងព័ត៌មាន នាឱកាសនេះ គឺដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ជួយដល់អ្នកដែលមានជីវភាពខ្វះខាត និងកុមារនៅមូលដ្ឋាន ៕
ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា
0 Comments