Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សមិទ្ធផលទេសចរណ៍ក្រុងកំពតជាច្រើនត្រៀមសម្រាប់ទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងពន្លឿនការស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ(ស្ពានចាស់) និងស្ពានថ្មី ការដ្ឋានស្ថាបនារូបសំណាកសេះសមុទ្របាញ់ទឹកកម្ពស់ ៨ម៉ែត្រ និងពិនិត្យវឌ្ឍនភាពនៃការសាងសង់ពង្រីកសួនកម្សាន្តត្រីផ្សោតផងដែរ។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានមានប្រាសាសន៍ថា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានដាក់ចុះនូវយន្តការ និងគោលការណ៍ជាច្រើន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញឱ្យអាជ្ញាធរតាមបណ្តារាជធានី-ខេត្ត រៀបចំកែលម្អសោភ័ណភាព បង្កើតកន្លែងកម្សាន្ត ពិសេសអភិវឌ្ឍន៍កែលម្អបន្ថែមនៅតាមតំបន់ទេសចរណ៍នានាក្នុងភូមិសាស្ត្ររបស់ខ្លួន ធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញភ្ញៀវទេសចរ។

យ៉ាងណាម៉ិញ ខេត្តកំពត ក្រៅហេដ្ឋារចនានាសម្ព័ន្ធផ្លូវថ្នល់ រដ្ឋបាលខេត្តក៏មានគម្រោងកែលម្អសោភ័ណភាពក្រុងជាច្រើន ដោយបែងចែកទៅតាមដំណាក់កាលនីមួយៗ ធ្វើឱ្យក្រុងកំពតប្រែមុខមាត់ថ្មី។ រហូតមកបច្ចុប្បន្ន រដ្ឋបាលខេត្តបាននិងកំពុងខិតខំដុតដៃដុតជើង ក្នុងការសម្រេចគម្រោងពង្រីកសួនកម្សាន្តត្រីផ្សោត និងរូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ឲ្យរួចរាល់មុនថ្ងៃចូលឆ្នាំថ្មីខាងមុខ។ ពិសេសរដ្ឋបាលខេត្តក៏កំពុងតែជំរុញឲ្យក្រុមការងារស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានឥន្ទធនូ និងស្ពាន់ថ្មីត្រូវចាប់ផ្តើមរៀបចំកែលម្អឲ្យបានស្អាត ហើយបើអាចឲ្យភ្ញៀវទេសចរចូលកម្សាន្តបាន ពេលចូលឆ្នាំថ្មីខាងមុខនេះរិតតែប្រសើរ។

ឯកឧត្តមបានបញ្ជាក់ថា គម្រោងស្ថាបនាឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានចាស់ និងស្ពានថ្មីដែលមានប្រវែងជាង ៦០០ម៉ែត្រ ត្រូវរៀបចំឱ្យមានផ្លូវ សួនកម្សាន្ត ចំណតរថយន្ត និងឆ្នេរខ្សាច់ងូតលេងកម្សាន្ត និងលេងកីឡាលើទឹកផ្សេងៗ ដោយសារទឹកព្រែកកំពង់បាយស្អាត ជាទឹករស់ មានប្រភពមកពីតំបន់ទំបន់វារីអគ្គីនីកំចាយ។  ឯកឧត្តមបានបន្ថែមថា តំបន់ឆ្នេរខ្សាច់កម្សាន្តចន្លោះស្ពានចាស់និងស្ពាន់ថ្មីជាជាបេះដូងនៃក្រុងកំពត ទៅថ្ងៃខាងមុខពេលមានព្រឹត្តិការណ៍ធំៗ នឹងត្រូវរៀបចំនៅទីនេះ ម្យ៉ាងទៀតពេលឆ្នេរនេះស្ថាបនារួចរាល់១០០% ភ្ញៀវទេសចរមកលេងនៅតែក្នុងក្រុងកំពតក៏សប្បាយដែរ ព្រោះមានទូកទេសចរណ៍ មានសួនច្បារមាត់ព្រែកជាង ១គីឡូម៉ែត្រសម្រាប់អង្គុយលម្ហែមើលថ្ងៃលិច មានរូបសំណាកសេះសមុទ្របាញ់ទឹកកម្ពស់៨ម៉ែត្រសម្រាប់ថតរូបអនុស្សាវរី  មានឆ្នេរខ្សាច់ងូតទឹកកម្សាន្ត និងសកម្មភាពកីឡាលើទឹកជាដើម។

ឯកឧត្តមបានបង្ហាញក្តីរំពឹងដែរថា សម្រាប់ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ទេសចរនឹងមកលេងខេត្តកំពតច្រើនជាងឆ្នាំមុនៗ ខណៈដែលសមិទ្ធផលទេចរណ៍ជាច្រើន បាននិងកំពុងត្រៀមរួចរាល់សម្រាប់ស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តសប្បាយនៅខេត្តកំពតហើយនោះ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង












Post a Comment

0 Comments