Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរខេត្តកំពតកំពុងពន្លឿនគម្រោងពង្រីកសួនកម្សាន្ត និងរូបសំណាកសេះសមុទ្រឱ្យរួចរាល់មុនចូលឆ្នាំថ្មី ដើម្បីបង្កើនសោភណ្ឌភាព និងទាក់ទាញទេសចរ

បច្ចុប្បន្ននេះអាជ្ញាធរខេត្តកំពតបានរៀបចំគម្រោងអភិវឌ្ឍន៍នៅតាមតំបន់ព្រែកកំពង់បាយជាច្រើនកន្លែង ទាំងត្រើយខាងកើត និងត្រើយខាងលិច ដើម្បីបង្កើនភាពទាក់ទាញ ពិសេសធ្វើឱ្យក្រុងកំពតមានសោភណ្ឌភាពស្រស់ស្អាត ស័កសមជាទីក្រុងដែលទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។ ជាក់ស្តែងអាជ្ញាកំពុងពន្លឿនពង្រីកសួនកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងមើលថ្ងៃលិច និងសាងសង់រូបសំណាក សេះសមុទ្រ ឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីបង្កើនសោភណ្ឌភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ។

ក្នុងដំណើរចុះពិនិត្យការពង្រីកសួនកម្សាន្តត្រីផ្សោត និងការសាងសង់រូបសំណាកសេះសមុទ្រកាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ដើម្បីបង្កើនសោភណ្ឌភាព ក៏ដូចជាការទាក់ទាញទេសចរឱ្យមកលេងកម្សាន្តខេត្តកំពតកាន់តែច្រើនបន្ថែមទៀត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្តបានរៀបចំកែលម្អសួនកម្សាន្តក្នុងក្រុង ព្រមទាំងបង្កើតឱ្យមានឆ្នេរខ្សាច់កម្សាន្តជាច្រើនកន្លែងតាមបណ្តោយព្រែកកំពង់បាយ ទាំងត្រើយខាងកើតព្រែក និងខាងលិចព្រែក។ ជាក់ស្តែងបច្ចុប្បន្ននេះ គម្រោងសាងសង់ពង្រីកសួនកម្សាន្តចាប់ពីរូបសំណាកព្រះបាទអង្គឌួង រហូតដល់សួនត្រីផ្សោត សម្រាប់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរលម្ហែកម្សាន្ត ដើរហាត់ប្រាណ មើលថ្ងៃលិច ព្រមទាំងការសាងសង់រូបសំណាកសេះសមុទ្របាញ់ទឹកអមដោយភ្លើងពណ៌មុខសាលាខេត្តចាស់ កំពុងពន្លឿនការសាងសង់ធ្វើយ៉ាងណាឱ្យរួចរាល់មុនថ្ងៃចូលឆ្នាំមកដល់នាពេលខាងមុខ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា បច្ចុប្បន្នការពង្រីកសួនកម្សាន្តចាប់ពីរូបសំណាកព្រះបាទអង្គឌួង រហូតដល់សួនត្រីផ្សោត និងការសាងសង់រូបសំណាកសេះសមុទ្រមុខសាលាខេត្តចាស់ សម្រេចបានប្រមាណជិត ៥០ភាគរយហើយ ហើយការសាងសង់នេះនឹងបញ្ចប់មុនពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីអាចឱ្យភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋចូលលេងកម្សាន្ត។ ទន្ទឹមនឹងការពង្រីកសួនកម្សាន្តនេះ រដ្ឋបាលខេត្តក៏បានពង្រីកផ្លូវខាងត្បូងសាលាខេត្ត រហូតដល់រូបសំណាកត្រីផ្សោតឱ្យមានភាពធំទូលាយ បង្ការការកកស្ទះចរាចរណ៍ ងាយស្រួលសម្រាប់ពលរដ្ឋ និងភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទៅកាន់ឆ្នេរកោះស្មៅ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថា ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការកែលម្អសោភណ្ឌភាពក្រុង ពិសេសតំបន់សួនច្បារតាមបណ្តោយមាត់ព្រែកកំពង់បាយ បានធ្វើឱ្យស្ថានភាពភ្ញៀវទេសចរមានកំណើនគួរឱ្យកត់សម្គាល់ ជាក់ស្តែងចំនួនទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពតនាសប្តាហ៍ទីមួយក្នុងខែមីនា មានចំនួនសរុបចំនួន ៣៦,៧៣២នាក់ ក្នុងនោះទេសចរជាតិចំនួន ៣៣,៨៥៤នាក់ និងទេសចរអន្តរជាតិ ២,៦៧៨នាក់។ លោកបានបន្ថែមថា អ្វីដែលគួរឱ្យកត់សម្គាល់បន្ថែមទៀតនោះ គឺការកើនឡើងនៃចំនួនភ្ញៀវបរទេស ដែលកាលពីខែមករា មានចំនួន ៨ពាន់នាក់ ខែកុម្ភៈ មានចំនួន ១ម៉ឺន ២ពាន់នាក់ ហើយលោករំពឹងថាខែមីនា អាចនឹងបន្តកើនឡើងថែមទៀត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង

















Post a Comment

0 Comments