បើទោះជាគម្រោងកែលម្អសោភ័ណភាពក្រុងកំពត ក៏ដូចជាសួនច្បារមាត់ព្រែកកំពង់បាយមិនទាន់បានបញ្ចាប់ជាស្ថាពរក្តី ប៉ុន្តែបច្ចុប្បន្នពលរដ្ឋ និងភ្ញៀវទេសចរជាច្រើនមកនាំគ្នាមកលម្ហែ និងបានសរសើរថា សួនមាត់ព្រែកកាន់តែស្អាត ធំទូលាយជាងមុន ការរៀបចំតុបតែងលម្អភ្លើងពណ៌មានភាពទាក់ទាញ ទេសភាព បរិយាកាសស្រស់ស្រាយ សក្តិសមជាក្រុងតារារៈទិសនិរតីរបស់កម្ពុជា ដែលទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានឆ្នាំ២០២៤។
និស្សិតរៀននៅសកលវិទ្យាល័យអង្គរខេមរា ខេត្តកំពត កញ្ញា វាសនា បានបង្ហាញការមើលឃើញរបស់ខ្លួនថា បន្ទាប់ពីសួនច្បារដងព្រែកកំពង់បាយត្រូវបានកែលម្អស្ទើររួចរាល់ ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរចូលចិត្តមកអង្គុយលំហែរ ស្រូបយកបរិយាកាស និងមើលថ្ងៃលិច ញាំកាហ្វេ និងចំណីអាហារជួបជុំគ្រួសារយ៉ាងរីករាយ ខណៈដែលអ្នកខ្លះមកដើរហាត់ប្រាណ ជិះកង់ ជិះស្គី ជិះទូកទេសចរណ៍ ជិះម៉ូតូទឹកជាដើម ចំណែកកញ្ញានិងមិត្តភក្តិ ក៏ចូលចិត្តមកអង្គុយធ្វើកិច្ចសាលានៅទីនេះផងដែរដែរ។ចំណែកកញ្ញា ណារី ជាភ្ញៀវទេសចរមកពីខេត្តរតនគីរី បានលើកឡើងថា ខេត្តកំពតប្លែកពីមុនខ្លាំងណាស់ ទេសភាព អនាម័យបរិស្ថានស្អាត ហើយមានសណ្តាប់ធ្នាប់ល្អ ពិសេសនៅតាមសួនច្បារមាត់ព្រែកកំពង់បាយ គឺស្អាត ធំទូលាយ និងមានទេសចរមកអង្គុយលេង ញាំអាហារ ជួបជុំពិភាក្សាការងារ ហាត់ប្រាណ និងស្ទូចត្រី ហើយសួនច្បារព្រែកកំពង់បាយនេះមានសភាពអ៊ូអរជាងមុនច្រើន។
មគ្គទ្ទេសក៍ទេសចរណ៍ និងជាអ្នកលក់សំបុត្រទូកទេសចរណ៍ “ណាហ្គា” លោក ប៊ុនណា បានប្រាប់ឱ្យដឹងថា បន្ទាប់ពីសួនច្បារកែលម្អស្ទើររួចរាល់មក ក្រុងកំពតមានសភាពអ៊ូអរជាងមុន ពិសេសនៅតំបន់សួនច្បារមាត់ព្រែក (ព្រែកកំពង់បាយ)។ លោកបានបន្តថា រយៈពេលចុងក្រោយនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងខេត្តកំពតច្រើន ដែលបានធ្វើឱ្យពលរដ្ឋក្នុងស្រុកទទួលបានប្រាក់ចំណូលគួរសមឡើងវិញពីវិស័យទេសចរណ៍។ លោកបានថ្លែងអំណរគុណដល់ទេសចរទាំងអស់ដែលបានមកកម្សាន្តខេត្តកំពត ពិសេសថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យទេសចរណ៍ឱ្យមានភាពទាក់ទាញជាមុន។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញ និងដឹកនាំផ្ទាល់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងការកែលម្អសោភ័ណភាពក្រុង ពិសេសតំបន់សួនច្បារមាត់ព្រែកកំពង់បាយ និងឆ្នេរដែលបាននិងកំពុងអនុវត្តបន្តនៅឡើយក្តី សោភណ្ឌភាពក្រុង ពិសេសតំបន់សួនតាមមាត់ព្រែកស្អាតគួរឱ្យចង់អង្គុយកម្សាន្ត ភ្ញៀវមកកម្សាន្តច្រើន សកម្មភាពកីឡាលើកទឹកក៏មានច្រើន អ្នកលក់ដូរក៏ច្រើន ប៉ុន្តែរក្សាបាននូវអនាម័យបរិស្ថានល្អ គ្មានសំរាមពាស់វាលពាស់កាលនោះទេ។ លោកបានបញ្ជាក់ថា ស្ថានភាពភ្ញៀវទេសចរល្អប្រសើរ ជាក់ស្តែងចំនួនទេសចរប្រចាំសប្តាហ៍ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ សរុបចំនួន ៣៦,៧៣២នាក់ ក្នុងនោះទេសចរជាតិចំនួន ៣៣,៨៥៤នាក់ និងទេសចរអន្តរជាតិ ២,៦៧៨នាក់។ លោកបានបន្ថែមថា ចំនួនភ្ញៀវបរទេសមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងខែមករា មានចំនួន ៨ពាន់នាក់ ក្នុងខែកុម្ភៈ មានចំនួន ១ម៉ឺន ២ពាន់នាក់ ហើយខែនេះ អាចនឹងបន្តកើនឡើងថែមទៀត៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments