Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរក្រុងកំពតសហការជាមួយ ក្រុមហ៊ុនប្រមូលសំរាម កំពតហ្គ្រីន ចុះសម្អាតសំរាមតាមដងផ្លូវ និងផ្សព្វផ្សាយពីការទុកដាក់សំរាមដល់ពលរដ្ឋ

ដើម្បីឱ្យមានការចូលរួមសម្អាតអនាម័យបរិស្ថានតាមដងផ្លូវក្នុងក្រុងកំពត ក៏ដូចជាបង្កើនការយល់ដឹងពីការទុកដាក់សំរាម និងប្រើប្រាស់សេវាប្រមូលសំរាមដល់ប្រជាពលរដ្ឋដែលមានលំនៅឋានជាប់ដងផ្លូវ អាជ្ញាធរក្រុកំពត បានសហការជាមួយក្រុមហ៊ុនប្រមូល “កំពតហ្គ្រីន” ចុះធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវសំខាន់ៗក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

អាជ្ញាធរក្រុកំពត រួមជាមួយក្រុមហ៊ុនប្រមូលសំរាម “កំពតហ្គ្រីន” កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ បានចុះធ្វើយុទ្ធនាការសម្អាតអនាម័យបរិស្ថានតាមដងផ្លូវសំខាន់ៗ ក៏ដូចជាផ្សព្វផ្សាយពីការទុកដាក់សំរាមដល់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ដែលក្នុងយុទ្ធនាការនេះមានការចូលរួមពីសំណាក់ លោក អែត សារិទ្ធិ អភិបាលរងក្រុងកំពត និងលោក សួន សុភ័ក្រ្ត នាយកក្រុមហ៊ុនប្រមូលសំរាម “កំពតហ្គ្រីន”។

លោក អែត សារិទ្ធិ អភិបាលរងក្រុងកំពតបានឱ្យដឹងថា បច្ចុប្បន្ននេះក្រោមការដឹកនាំ និងចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យអាជ្ញាធរក្រុងយកចិត្តទុកដាក់ចំពោះការទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅតាមទីសាធារណៈ ក៏ដូចជាតាមដងផ្លូវសំខាន់ៗក្នុងក្រុង ដើម្បីកុំឱ្យមានសំរាមពាស់វាលពាស់កាល ព្រោះក្រុងកំពតគឺជាទីតាំងសំខាន់សម្រាប់ទទួលភ្ញៀវទេសចរ។ លោកអភិបាលរងក្រុងបានបន្តថា យុទ្ធនាការនេះគឺធ្វើឡើងដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពិសេសចូលរួមប្រើប្រាស់សេវាប្រមូលសំរាមឱ្យបានគ្រប់ៗគ្នា ដើម្បីទីក្រុងយើងស្អាត។

ជាមួយគ្នានេះដែរ លោក សួន សុ័ភក្រ្ត នាយកក្រុមហ៊ុនប្រមូលសំរាម “កំពតហ្គ្រីន” បានឱ្យដឹងថា កន្លងមកក្រុមហ៊ុនតែងតែសហការជាមួយអាជ្ញាធរ ក្រុង-ស្រុក មួយចំនួនដើម្បីធ្វើយុទ្ធនាការប្រមូលសំរាមនៅតាមទីសាធារណៈ តាមដឹងផ្លូវសំខាន់ៗជាច្រើនកន្លែង។ លោកបានបន្តទៀតថា ទន្ទឹមនឹងធ្វើយុទ្ធនាការប្រមូលសំរាមនេះ ក៏មានការផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីកុំឱ្យមានសំរាមពាស់វាលពាស់កាលនៅតាមទីសាធារណៈ ដែលបង្កឱ្យខូចសោភណ្ឌភាពក្រុង។ លោកនាយក្រុមហ៊ុន ក៏បានធ្វើការអំពាវនាវ និងធ្វើការស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងម្ចាស់អាជីវកម្មទាំងអស់ក្នុងក្រុងកំពត ចូលរួមប្រើប្រាស់សេវាប្រមូលសំរាមឱ្យបានគ្រប់ៗគ្នា ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមហ៊ុនក្នុងការប្រមូលសំរាមចេញពីក្រុង។

សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរខេត្តកំពត ពិសេសឯកឧត្តមអភិបាលខេត្ត តែងតែក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ ម្ចាស់អាជីវកម្មទាំងអស់ ត្រូវមានការចូលរួមសំអាតអនាម័យបរិស្ថាននៅតាមទីតាំងរបស់ខ្លួន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយចូលរួមធ្វើយ៉ាងណាឱ្យក្រុងកំពតមានភាពស្រស់ស្អាត គ្មានសំរាមពាស់វាលពាស់កាលសមជាទីក្រុងដែលទទួលបានពានរង្វាន់ “ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៤” កាលពីពេលថ្មីៗកន្លងទៅនេះ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត












Post a Comment

0 Comments