Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតជំរុញឱ្យស្ត្រីបន្តចូលរួមគ្រប់សកម្មភាពសង្គម ព្រោះកន្លងមកស្ត្រីបានរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី តម្លៃគ្រួសារខ្មែរ និងការអភិវឌ្ឍ

ថ្លែងក្នុងទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣ ក្រោមប្រធានបទ “ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល"ដែលរៀបចំធ្វើឡើងនៅសាលសន្និសីទ “បូកគោ” សាលាខេត្តកំពត នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់សកម្មភាពចូលរួមការងារសង្គមរបស់ស្ត្រីក្នុងខេត្តនាពេលកន្លងមកទទួលបានជោគជ័យល្អប្រសើ ព្រមទាំងបានជួយដល់សង្គមឱ្យមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យស្ត្រី និងគ្រប់ស្ថាប័នដែលធ្វើការងារពាក់ព័ន្ធនឹងស្ត្រី ត្រូវបន្តចូលរួមគ្រប់សកម្មភាពរបស់សង្គមបន្តទៀត ព្រោះថាសង្គមមួយប្រសិនបើគ្មានការចូលរួមពីស្ត្រីនោះទេ សង្គមនោះមិនអាចដំណើរការទៅបានដោយរលូននោះទេ  ហើយការចូលរួមរបស់ស្ត្រីគឺជាការរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងតម្លៃគ្រួសារខ្មែរទាំងមូល។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្តដល់ស្ត្រីទាំងអស់ ត្រូវបន្តចែករំលែក និងផ្តល់ការអប់រំនៅក្នុងគ្រួសារឱ្យបានល្អប្រសើបន្តទៀត ដោយធ្វើការចែករំលែកនូវ ចំណេះដឹង សីលធម៌សង្គម ពិសេសធាតុពិតជាក់ស្តែងពីការអភិវឌ្ឍសង្គមជាតិរបស់រាជរដ្ឋាភិបាលទៅកាន់ លោកយាយ លោកតា ពូមីង បងប្អូន នៅតាមមូលដ្ឋាន ពិសេសកូនចៅជំនាន់ក្រោយឱ្យបានដឹងថា ក្រោមម្លប់សន្តិភាព ដែលយកមកដោយលំបាក ដោយសម្តេចតេជោ ហ៊ុន សែន និងក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយការដ្ឋមន្ត្រី គឺប្រទេសមានការអភិវឌ្ឍរីកចម្រើនជាលំដាប់ដូចសព្វថ្ងៃនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានថ្លែងអំណរគុណចំពោះអង្គពិធីទាំងមូល ដែលបានការយកចិត្តទុកដាក់ស្តាប់នូវព្រះរាជសារទាំងស្រុងរបស់ អង្គសម្តេចម៉ែដ៏មានអត្ថន័យ នូវគោលនយោបាយដឹកនាំ និងលទ្ធផល នៃការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសប្រធានបទសម្រាប់ឆ្នាំនេះ ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង












Post a Comment

0 Comments