Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មគ្គុទ្ទេសក៍ទេសចរណ៍ ម្ចាស់កន្លែងកម្សាន្តក្នុងស្រុកទឹកឈូ បង្ហាញពីការលើកកម្ពស់ និងការយកចិត្តទុកដាក់លើវិស័យទេសចរណ៍របស់រដ្ឋបាលស្រុក

មគ្គុទ្ទេសក៍ទេសចរប្រចាំខេត្តកំពត និងម្ចាស់កន្លែងកម្សាន្តក្នុងស្រុកទឹកឈូបានលើកឡើងថា រយៈពេល២ឆ្នាំចុងក្រោយនេះ ស្រុកទឹកឈូ បានផ្លាស់ប្តូរមុខមាត់ថ្មី ទាំងលើការងារសម្រើសេវា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់អនាម័យបរិស្ថាននៅតាមទីសាធារណៈ និងតំបន់រមណីយដ្ឋាននានា ធ្វើឱ្យមានភាពទាញដល់ទេសចរមកលេងច្រើន បង្កភាពងាយស្រួលក្នុងការប្រកបរបររកស៊ីទទួលទានរបស់ពលរដ្ឋ។

អ្នកគ្រប់គ្រង់ និងចាត់ការទូទៅផ្នែកកីឡាទេសចរណ៍ ក្លែមបូឌា (Climbodia) និងជាមគ្គទ្ទេសក៍ទេសចរណ៍ប្រចាំខេត្តកំពត  លោក អោក សីហា បានបង្ហាញការកត់សំគាល់ថា រយៈពេល២ឆ្នាំចុងក្រោយនេះ លោកមើលឃើញសកម្មភាព និងការយកចិត្តទុកដាក់របស់អភិបាលស្រុកទឹកឈូ លើកការងារបម្រើប្រជាពលរដ្ឋ ការងារអភិវឌ្ឍន៍ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ពលរដ្ឋ ការលើកកម្ពស់ការងារថែទាំអនាម័យបរិស្ថាន ពិសេសជំរុញការងារលើកកម្ពស់និងអភិវឌ្ឍន៍វិស័យទេសចរណ៍ផ្សេងៗផងដែរ។

ចំណែកឯម្ចាស់ហាងកាហ្វេ “វេហា” លោក ជួន បូរិទ្ធ បានមើលឃើញដែរថា រដ្ឋបាលស្រុក បានខិតខំយកចិត្តទុកដាក់ និងបានលើកកម្ពស់វិស័យទេសចរណ៍យ៉ាងខ្លាំង ជាក់ស្តែង បច្ចុប្បន្នផ្លូវមកតំបន់ទំនប់ប្រទាក់ក្រឡា បានប្រែក្លាយពីផ្លូវគ្រួសក្រហមទៅជាផ្លូវកៅស៊ូ ងាយស្រួលធ្វើដំណើរ ហើយបានធ្វើឱ្យភ្ញៀវមកលេងកម្សាន្តតំបន់ទំនប់ប្រទាក់ក្រឡានេះកាន់តែច្រើន។ លោកបានបន្តថា ទៅថ្ងៃមុខលោកក៏មានគម្រោងពង្រីកសេវាកម្មរបស់ខ្លួនឱ្យកាន់តែសម្បូរបែបថែមទៀត បន្ទាប់ពីមានផ្លូវល្អដូច្នេះ។

អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក គឹម ប៊ុនថន បានបញ្ជាក់ថា ស្រុកទឹកឈូ មានសក្តានុពលទេសចរណ៍ខ្លាំងណាស់ គ្រាន់តែបណ្តុំតំបន់ទេសចរណ៍ទឹកឈូ១ មានកន្លែងផ្តល់សេវាទេសចរណ៍នានាប្រមាណជាង ៥០កន្លែង។ ហើយតំបន់ទេសចរណ៍ក្នុងស្រុកទឹកឈូ សុទ្ធតែជាតំបន់ទាក់ទាញ និងជាប៉ូលទេសចរណ៍សំខាន់របស់ខេត្ត។ នៅក្នុងឆ្នាំ២០២៣ គ្រាន់តែតំបន់ទឹកឈូ និងតំបន់ទំនប់ប្រទាក់ក្រឡាស្ថិតក្នុងឃុំកូនសត្វ មានទេសចរមកកម្សាន្តប្រមាណជាង ៧០ម៉ឺននាក់ ដែលនេះកើតចេញពីការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ពិសេសអភិបាលស្រុកផ្ទាល់ ដែលលោកតែងតែយកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ឱ្យរីករចម្រើនដើម្បីឆ្លើយតបតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា។  

អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានបញ្ជាក់ថា រដ្ឋបាលស្រុកមានផែនការជាច្រើនក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ជំរុញដល់ការងារថែទាំអនាម័យបរិស្ថាន ការលើកកម្ពស់ជីវភាពពលរដ្ឋ។ ហើយក្នុងឆ្នាំ២០២៤នេះ អាជ្ញាធរស្រុកកំពុងពន្លឿនការស្ថាបនាផ្លូវបេតុង និងផ្លូវកៅស៊ូចំនួន ៥ខ្សែបន្ថែមទៀត ដើម្បីតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗក្នុងស្រុក បន្ទាប់ពីផ្លូវកៅស៊ូឃុំកូនសត្វបានស្ថាបនារួចរាល់។ លោកអភិបាលស្រុកបានបន្តថា ចំពោះការដាក់ចេញគម្រោងបំផុសចលនាប្រឡងប្រណាំងភូមិឋាន និងសាលារៀនស្អាតគឺដើម្បីឱ្យប្រជាពលរដ្ឋក្នុងស្រុក ក៏ដូចជានៅក្បែររមណីយដ្ឋាននានាក្នុងស្រុក បានយល់ដឹងច្បាស់ពីការថែរក្សាអនាម័យបរិស្ថានស្អាត និងចូលរួមកែប្រែមុខមាត់ស្រុកឱ្យកាន់តែប្រសើដោយគ្មានសំរាមពាស់វាលពាស់កាល ហើយបច្ចុប្បន្នរដ្ឋបាលស្រុក កំពុងស្វែងរកលទ្ធភាពក្នុងការប្រែក្លាយតំបន់ភ្នំស ឱ្យទៅជាតំបន់រមណីយដ្ឋានថ្មីដ៏ទាក់ទាញបន្ថែមទៀត នៅពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments