Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ស្រ្តីដែលមានផ្ទៃពោះត្រូវពិនិត្យសុខភាពតាមការកំណត់របស់គ្រូពេទ្យដើម្បីថែទាំសុខភាពភាពទារកក្នុងផ្ទៃ និងសុខភាពរបស់ម្តាយ

នៅក្នុងលិខិតសម្តេចប្រធានកាកបាទក្រហមកម្ពុជាបានលើកឡើងថា ការពិនិត្យផ្ទៃពោះគឺមានសារៈសំខាន់ណាស់ចំពោះការថែទាំសុខភាពភាពទារកក្នុងផ្ទៃ និងសុខភាពរបស់ម្តាយ ពិសេសអាចការពារជំងឺផ្សេងៗមិនឱ្យឆ្លងពីម្តាយទៅទារក។ ដូច្នេះហើយស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះយ៉ាងតិចឱ្យបាន៤ដង ហើយទៅតាមកាលកំណត់របស់គ្រូទេព្យ។

ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ   ក្រោមប្រធានបទ «ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល»  នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខាខេត្តកំពត តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខា បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូនស្ត្រីសម្រាលកូន និងស្រ្តីមានផ្ទៃពោះ សរុបចំនួន ៧៣នាក់ (ស្រ្តីសម្រាលកូនតូចចំនួន ៣១នាក់ និងស្រ្តីមានផ្ទៃពោះចំនួន ៤២នាក់) នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

នៅក្នុងឱកាសនោះ  លោកជំទាវបានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងបានពាំនាំមកនូវការអំពាវនាវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ដែលផ្ញើជូនបងប្អូនជនរួមជាតិ ពិសេសស្ត្រីថា សូមស្រ្តីមានផ្ទៃពោះទៅពិនិត្យសុខភាពយ៉ាងតិច៤ដង តាមពេលវេលាកំណត់ ទទួលថ្នាំបង្ការជំងឺ និងការចម្លងមេរោគពីម្តាយទៅកូន ជាពិសេសការស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងជំងឺរលាកថ្លើមប្រភេទបេ និងទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ។ ក្រោយពេលសម្រាល សូមស្ត្រីជាមាតាទៅពិនិត្យសុខភាព យកទារកទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់ បន្តពិនិត្យតាមដានសុខភាព និងការលូតលាស់របស់កូន បំបៅកូនដោយទឹកដោះម្តាយ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានយុ៦ខែ និងផ្តល់អាហារបន្ថែមគ្រប់ជីវជាតិ (បបរខាប់គ្រប់គ្រឿង) រួមជាមួយការបន្តបំបៅទឹកដោះម្តាយរហូតកុមារមានអាយុយ៉ាងតិច២ឆ្នាំ។ សូមប្រញ៉ាប់យកទារកទៅមន្ទីរពេទ្យភ្លាម នៅពេលឃើញសញ្ញាគ្រោះថ្នាក់ណាមួយ នៃជំងឺរលាកផ្លូវដង្ហើម ជំងឺរាគ ឬជំងឺផ្សេងទៀត និងយកទារក ឬកុមារតូចដែលមានរាងកាយស្គម ឬមិនឡើងទម្ងន់សោះទៅពិគ្រោះយោបល់ និងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ សូមយុវតី/ស្ត្រីក្នុងវ័យបន្តពូជដែលមានអាយុពី១៥ ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឬគ្លីនិក មានគ្រូពេទ្យជំនាញច្បាស់លាស់ ដែលទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវពីក្រសួងសុខាភិបាល។ សូមបន្តចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ និងសូមនាំកុមារីអាយុ៩ឆ្នាំទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ដើម្បីជៀសវាងជំងឺឆ្លង ជំងឺមិនឆ្លងនានាដែលជាមូលហេតុនៃមរណភាព និងពិការ។

អំណោយដែលផ្តល់ជូននាឱកាសនោះរួមមាន៖ ស្រ្តីសម្រាលកូនតូច និងស្ត្រីមានផ្ទៃពោះ សរុប៧៣នាក់ ក្នុងម្នាក់ៗទទួលបាន៖ ឃីតទារក ១កញ្ចប់, ទឹកដោះគោឆៅ ១ឡូ និងថវិកា ៥ម៉ឺនរៀលផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




























Post a Comment

0 Comments