Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជារៀបចំសន្និបាតប្រចាំឆ្នាំលើកទី ១២ ដើម្បីជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មី និងរៀបចំយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៤

ភាគីពាក់ព័ន្ធក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតមកពីទូទាំងប្រទេសកម្ពុជាបានចូលរួមសន្និបាតប្រចាំឆ្នាំលើកទី១២ នៃសមា គមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) នៅរាជធានីភ្នំពេញនៅថ្ងៃទី២៣ កុម្ភៈ ឆ្នាំ២០២៤។ កម្មវិធីនេះផ្តល់ជាវាទិកាមួយដើម្បីបូកសរុបលទ្ធផលដែលសម្រេចបាន និងស្វែងរកដំណោះស្រាយនវានុវត្តន៍នានាក្នុងវិស័យទឹកស្អាតកម្ពុជា។

សន្និបាតប្រចាំឆ្នាំលើកទី១២នេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា រួមជាមួយនឹងក្រុមប្រឹក្សាភិបាលរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងមានអ្នកចូលរួមប្រមាណ ៣៨៤នាក់ តំណាងក្រសួង-ស្ថាប័នក្នុងរាជរដ្ឋាភិបាល ប្រតិបត្តិករទឹកស្អាត អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងអ្នកផ្គត់ផ្គង់សម្ភារពាក់ព័ន្ធនឹងទឹកស្អាត។


ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ “ការធានាលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់មានសារៈសំខាន់ណាស់សម្រាប់ការពារសុខភាពសាធារណៈ និងទាក់ទាញការវិនិយោគនានាទាំងក្នុងស្រុក និងអន្តរជាតិ ដែលជាកត្តាសំខាន់សម្រាប់លើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ "ក្រសួងលើកទឹកចិត្តប្រតិបត្តិករទឹកស្អាតឯកជនឱ្យពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការពង្រីក និងពង្រឹងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ក្នុងតំបន់អាជ្ញាបណ្ណរបស់ខ្លួន ដើម្បីធានាដល់ការអនុវត្តលក្ខខណ្ឌតម្រូវនានា ជាពិសេសលក្ខខណ្ឌគោលទាំង៤ គឺការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ។”


ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតួនាទីសំខាន់នៃកិច្ចសហការរវាងរដ្ឋាករទឹកសាធារណៈ ប្រតិបត្តិករទឹកស្អាតឯកជន ដៃគូអភិវឌ្ឍន៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញវិស័យទឹកស្អាតរបស់កម្ពុជាឱ្យឈានទៅមុខកាន់តែលឿន ខណៈវិស័យនេះកំពុងតែមានសន្ទុះ។ នៅក្នុងសន្និបាតប្រចាំឆ្នាំនេះដែរ រដ្ឋាភិបាលអូស្ត្រាលីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដល់ប្រទេសកម្ពុជាឱ្យសម្រេចបានសាកលកម្ម និសមធម៌ទឹកបរិភោគប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យនៅត្រឹមឆ្នាំ២០៣០។


ឯកឧត្តមឯកអគ្គរដ្ឋទូត ចាស្ទីន វ៉ាយអេត បានគូសបញ្ជាក់ពីការរួមចំណែកយ៉ាងសំខាន់របស់អូស្ត្រាលី តាមរយៈកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន គឺកម្មវិធីភាពជាដៃគូ កម្ពុជា អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានលើកឡើងពីភាពជាដៃគូយូរអង្វែងរបស់កម្មវិធីនេះជាមួយកម្ពុជាលើការអភិវឌ្ឍន   វិស័យទឹកស្អាត ដោយផ្អែកលើជំនឿរួមមួយថា ការទទួលបានទឹកស្អាត គឺជាកត្តាជំរុញដ៏សំខាន់នៃការអភិវឌ្ឍប្រកបដោយចីរភាព។


ឯកឧត្តមឯកអគ្គរដ្ឋទូត ចាស្ទីន វ៉ាយអេត បានបញ្ជាក់ថា៖ « អូស្ត្រាលីបានសហការជាដៃគូជាមួយប្រទេសកម្ពុជាអស់រយៈពេលជិតមួយទសវត្សរ៍មកហើយ ដើម្បីគាំទ្រប្រជាជនកម្ពុជាជាងមួយលាននាក់នៅតាមតំបន់ជនបទ ឱ្យទទួលបានទឹកស្អាតប្រើប្រាស់។ លទ្ធផលនៃការគាំទ្រនេះគឺ ប្រជាជនមានសុខភាពប្រសើរជាងមុន សហគមន៍មានការងារកាន់តែច្រើន ហើយសេដ្ឋកិច្ចក្នុងមូលដ្ឋានកាន់តែរឹងមាំ។»


សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាគឺជាសមាគមអព្យាក្រឹត មិនស្វែងរកប្រាក់កម្រៃជាឯកជន សម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងប្រទេសកម្ពុជា ដែលលើកកម្ពស់កិច្ចសហការ ការរៀនសូត្រ និងការផ្លាស់ប្តូរចំណេះដឹងក្នុងចំណោមភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ។ សមាគមមានសមាជិកដែលជាប្រតិបត្តិករទឹកស្អាតឯកជនចំនួន ២៨១ មកពី ២៣ ខេត្ត និងសមាជិក ៣៧ ទៀត ជាក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុទាក់ទងនឹងវិស័យទឹកស្អាត។


សន្និបាតលើកទី ១២ របស់សមាគមនេះ មានគោលបំណងអបអរសាទរសមិទ្ធផលរបស់ក្រុមប្រឹក្សាភិបាលអាណត្តិទី ៣ ពីឆ្នាំ២០២០-២០២៣, ជ្រើសរើសក្រុមប្រឹក្សាភិបាលថ្មីសម្រាប់អាណត្តិ ២០២៤-២០២៧, បូកសរុបលទ្ធផលការងាររបស់សមាគមក្នុងឆ្នាំ២០២៣, និងរៀបចំយុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២៤ ព្រមទាំងពង្រឹងទំនាក់ទំនង និងការចែករំលែកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាក្នុងចំណោមសមាជិករបស់ខ្លួន៕







Post a Comment

0 Comments