ក្នុងឆ្នាំ២០២៤នេះ ទិវាវិទ្យុពិភពលោកលើកទី១៣ ត្រូវបានប្រារព្ធក្រោមប្រធានបទ «មួយសតវត្សរ៍ នៃវិទ្យុក្នុងការផ្តល់ព័ត៌មាន អប់រំ និងការកម្សាន្ត -Radio: A Century informing, entertaining and educating»។ ប្រធានបាននេះ មានគោលបំណងឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់ ដែលក្នុងរយៈពេលជាង១ សតវត្សរ៍មកនេះ នៅតែជាឧបករណ៍គមនាគមន៍ដ៏សំខាន់សម្រាប់ការផ្សព្វផ្សាយព័ត៌មាននយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ប្រពៃណី ការអប់រំ និងការកម្សាន្ត តាមសម័យកាលនីមួយៗ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។
ក្នុងសារអបអរនៅលើប្រព័ន្ធទំនាក់ទំនងសង្គម ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគូសបញ្ជាក់ពីនាទីយ៉ាងសំខាន់របស់វិទ្យុ ក្នុងការចូលរួមគ្រប់គ្រងលំហព័ត៌មាន សន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សង្គមកម្ពុជា តាមរយៈការរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ក្នុងគោលបំណងកៀរគរការចូលរួមអនុវត្តនៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើននូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ។
ដោយទទួលស្គាល់នឹងវឌ្ឍនភាពឥតឈប់ឈររបស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធឌីជីថល ដែលបានជះឥទ្ធិពលដល់វិទ្យុ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយប្រពៃណីដទៃទៀត ឆ្លៀតក្នុងនៃទិវាវិទ្យិពិភពលោកនេះ ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍៩ចំណុច ជូនប្រតិបត្តិករស្ថាប័នវិទ្យុនៅកម្ពុជាដូចខាងក្រោម៖
១. យកចិត្តទុកដាក់កសាង និងអភិវឌ្ឍសមត្ថភាពដឹកនាំ និងប្រតិបត្តិ ដើម្បីរួមចំណែកប្រែក្លាយស្ថាប័នព័ត៌មាន ទៅជា ស្ថាប័នទំនាក់ទំនងសាធារណៈ ប្រកបដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ប្រកកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
២. បន្តលើកកម្ពស់ និងកសាងសមត្ថភាពក្នុងការផលិតមាតិកាកម្មវិធីប្រកបដោយគុណភាព និងភាពច្នៃប្រឌិត ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពការងារ តាមរយៈអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។
៣. បន្តរួមគ្នាការពារសណ្ដាប់ធ្នាប់ស្ថាប័នសារព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីរក្សាឱ្យបាននូវសន្តិភាព និងស្ថេរភាពកម្ពុជា ដោយត្រូវផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយគុណភាព ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវសារព័ត៌មាន។
៤. បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីចូលរួមអភិវឌ្ឍមធ្យោបាយផ្សព្វផ្សាយនេះឱ្យកាន់តែរីកចម្រើន ក្រោមគោលការណ៍នៃការជឿទុកចិត្ត សមភាព វឌ្ឍនភាព និងផលប្រយោជន៍។
៥. ជំរុញការធ្វើសមាហរណកម្មប្រព័ន្ធផ្សព្វផ្សាយបុរាណជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប ដោយត្រូវយកចិត្តទុកដាក់ ជាពិសេសលើការធ្វើបរិវត្តកម្មឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួន។
៦.ខិតខំពង្រឹងសមត្ថភាពជាមូលដ្ឋានដល់ពិធីករ និងពិធីការនី និងបង្កលក្ខណៈស្វែងយល់បន្ថែមលើអក្សរសាស្ត្រ វប្បធម៌ ទំនៀមទំលាប់ប្រពៃណីជាតិជាដើម ដើម្បីជៀសវាងកំហុសឆ្គង ដែលអាចកើតមាននៅពេលផ្សព្វផ្សាយ។
៧. បន្តចូលរួមលើកកម្ពស់ការផ្សព្វផ្សាយ ដើម្បីប្រឆាំងនឹងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន គ្រោះថ្នាក់ចរាចរ និងការសេពគ្រឿងស្រវឹង។
៨. បន្តលើកកម្ពស់ការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព តាមគ្រប់រូបភាព ដើម្បីរក្សានូវសណ្តាប់ធ្នាប់សង្គម។
៩. បន្តកិច្ចសហការចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការជ្រៀតជ្រែកព័ត៌មានពីខាងក្រៅ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរ ពីតួនាទីដ៏សំខាន់ និងមិនអាចកាត់ថ្លៃបានរបស់វិទ្យុក្នុងដំណើរការកសាងសន្តិភាព និងប្រជាធិបតេយ្យនៅកម្ពុជា ព្រោះស្ថាប័នវិទ្យុបានដើរតួនាទីជាកាតាលីករដ៏សំខាន់ ក្នុងការបញ្ជ្រាបព័ត៌មាន ដើម្បីលើកកម្ពស់ចំណេះដឹងមូលដ្ឋានដល់ប្រជាពលរដ្ឋ។
ដោយមើលយ៉ាងច្បាស់ពីទំនាក់ទំនងដ៏ស្អិតរមួតរវាងវិទ្យុ និងសន្តិភាព ដើម្បីចូលរួមអបអរទិវាដ៏សំខាន់នេះ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជានៃក្រសួងព័ត៌មាន នឹងរៀបចំការសន្ទនាមតិមួយក្រោមប្រធានបទ៖ «វិទ្យុក្នុងយុគសម័យថ្មី និងការចូលរួមថែរក្សាសន្តិភាព» ដែលមានការអញ្ជើញចូលរួមជាវាគ្មិនកត្តិយសដោយ ឯកឧត្តម ទន់ សារ៉ាត រដ្ឋលេខាធិការក្រសួងព័ត៌មាន និង ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន នៅម៉ោង១១៖០០ព្រឹក ដល់ ១២៖០០ថ្ងៃត្រង់។
ដោយឡែក ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងរបស់យុវជនពីសារៈសំខាន់របស់វិទ្យុក្នុងជីវភាពប្រចាំថ្ងៃ និងជាឱកាសសំរាប់ប្រតិបត្តិករក្នុងស្ថាប័នវិទ្យុបង្កើននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍គ្នាជាមួយយុវជន នៅថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ក្រសួងព័ត៌មាននឹងរៀបចំព្រឹតិ្តការណ៍ចំនួន២ រួមមាន៖ ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន និងនិស្សិតមកពីសាកលវិទ្យាល័យផ្នែកប្រព័ន្ធផ្សព្វផ្សាយ ដែលនឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង កម្មវិធីទស្សកិច្ចសិក្សារបស់និស្សិតទៅកាន់ស្ថានីយវិទ្យុជាតិកម្ពុជានៅវត្តភ្នំ៕
អត្ថបទ៖ ទទក
0 Comments