អភិបាលរងស្រុកកំពង់ត្រាច លោក ង៉ែត សុផល បានលើកឡើងថា ដោយសារការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធនានា ពិសេសក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងជួយស្តារប្រឡាយកាវវ៉ាក់ ដែលនាំទឹកពីព្រែកអន្សាស្រុកបន្ទាយមាស មកចែកជូនប្រជាកសិករនៅស្រុកកំពង់ត្រាច ទើបធ្វើឲ្យកសិករអាចធ្វើស្រែប្រាំងដើមរដូវបានយ៉ាងផុលផុស។ លោកបានបន្តថា តាមផែកការផ្ទៃដីត្រូវបង្កបង្កើនផលស្រូវប្រាំងមានចំនួន ១ ៣០០ហិកតា គ្រប់ដណ្តប់លើឃុំចំនួន៦ដែលជាប់ប្រព័ន្ធស្រោចស្រព ប៉ុន្តែការអនុវត្តជាក់ស្តែងបានដល់រហូត២ ៣៩២ហិកតា ស្មើ១៨៤%នៃផែនការ។
លោកអភិបាលរងស្រុកបានបន្តទៀតថា ដោយសារកត្តាអាកាសធាតុ ក្តៅហួតហែង គ្មានភ្លៀងកក់ខែ ធ្វើឲ្យទឹកក្នុងប្រឡាយរីងស្ងួត ហើយដំណាំស្រូវប្រាំងនៅក្នុងឃុំចំនួន២ប្រឈមនឹងកង្វះខាតទឹកស្រោចស្រព។ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ ពីឯកឧត្តមអភិបាលខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក បានចុះសិក្សាវាយតម្លៃ និងធ្វើការបូមទឹកជូនប្រជាពលរដ្ឋសង្គ្រោះដំណាំស្រូវប្រាំងបានទាន់ពេលវេលា។ លោកបានបញ្ជាក់ថា គិតមកដល់ថ្ងៃនេះ អាជ្ញាធរអស់ក្តីបារម្ភរឿងកង្វះទឹកក្នុងប្រឡាយដើម្បីឲ្យពលរដ្ឋបូមស្រោចស្រពបន្តដាក់ស្រែងប្រាំងទៀតហើយ។យ៉ាងណាក៏ដោយដើម្បីរក្សាប្រភពទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការចិញ្ចឹមសត្វ ក្នុងករណីដែលគ្មានភ្លៀងកក់ខែនាពេលខាងមុខនេះ មន្ទីរជំនាញធនធានទឹក និងឧតុនិយម ស្នើសុំឲ្យពលរដ្ឋកាត់បន្ថយការធ្វើស្រូវប្រាំងលើកទី២ ពិសេសតំបន់នៅឆ្ងាញពីប្រភេពទឹក៕
0 Comments