Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សត្វក្រៀលនៅតំបន់ការពារទេសភាពអន្លង់ព្រីងកើនឡើងដល់ជិត ៧០ក្បាល គិតត្រឹមចុងខែមករាឆ្នាំ២០២៤

តាមការឱ្យដឹងពីលោក សឿន ធារ៉ា មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពត ដែលប្រចាំការនៅតំបន់ការពារទេសភាពអន្លង់ព្រីង បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ ចំនួនសត្វក្រៀលដែលមកស្នាក់នៅ និងរកចំណីនៅក្នុងតំបន់ការពារទេសភាពអន្លង់ព្រីង ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត មានចំនួន ៦៦ក្បាល ហើយចំនួនសត្វក្រៀលនៅតំបន់នេះនឹងអាចមានការកើនឡើងជាបន្តបន្ទាប់ទៀត។ លោកបានបន្តថា តាមការសន្និដ្ឋានតំបន់ការពារទេសភាពអន្លង់ព្រីង គឺជាតំបន់ដែលមានសុវត្តិភាព​សម្រាប់សត្វក្រៀលដ៏កម្រនេះ និងសត្វស្លាបជាច្រើនប្រភេទទៀតស្នាក់នៅ និងរកចំណី ហើយពួកវានឹងធ្វើដំណើរត្រឡប់ទៅស្នាក់នៅខេត្តឧត្តរមានជ័យ រួចបន្តដំណើរទៅពួនសម្ងំពងកូនក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី  នាចុងខែមេសា ឬដើមខែឧសភា។ 

តំបន់ការពារទេសភាពអន្លង់ព្រីង មានផ្ទៃដីសរុប ២១៧ហិកតា ដែលត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងជាតំបន់អភិរក្សធនធានធម្មជាតិមួយ ដោយអនុក្រឹត្យលេខ ៨៤ អនក្រ-បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។ តំបន់ការពារទេសភាពអន្លង់ព្រីង បានផ្តល់ជាទីជម្រក និងប្រភពចំណីដ៏សំខាន់សម្រាប់សត្វស្លាបទេសន្តរប្រវេសន៍ជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ វត្តមានក្រៀលតំបន់ការពារទេសភាពអន្លង់ព្រីង មានចំនួន ៩៧ក្បាល ខណ:ដែលឆ្នាំ២០២៣ មានចំនួន ១០៣ក្បាល។ សត្វក្រៀលគឺជាសត្វស្លាបត្រូវបានចាត់ជាប្រភេទសត្វងាយរងគ្រោះ និងជិតផុតពូជ ហើយសត្វក្រៀលជាសត្វស្លាបមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ដែលជាទូទៅមានកម្ពស់ប្រហែល ១,៧៦ម៉ែត្រ មានទម្ងន់ចាប់ពី ៥-១២គីឡូក្រាម និងប្រវែងស្លាបទាំងសងខាង ២,៥ម៉ែត្រ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ មន្ទីរបរិស្ថានខេត្តកំពត















Post a Comment

0 Comments