សិស្សានុសិស្ស និងគ្រូនៅសាលាវិទ្យាល័យ និងបឋមសិក្សា ហ៊ុន សែន ត្រសេកកោង ស្ថិតនៅឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថា បន្ទាប់ពីយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ត្រូវបានក្រសួងដាក់ឲ្យអនុវត្តបន្ថែមនៅសាលារៀន ការគ្រប់គ្រងសំរាម ពិសេសការទុកដាក់ថង់ប្លាស្ទិកបានល្អច្រើន។ពួកគាត់បានប្តេជ្ញាថាចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយលើកការងារនេះឲ្យកាន់តែល្អប្រសើរថែមទៀត។
ក្រុមសិស្សថ្នាក់ទី១២នៃសាលាត្រសេកកោងបានបង្ហាញអំពីការយល់ដឹង និងការចូលរួមរបស់ពួកគេក្នុងការទុកដាក់សំរាម និងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាសស្ទិកនៅក្នុងសាលារៀនថា ដើម្បីរក្សាសោភ័ណភាព អនាម័យបរិស្ថានសាលារៀន លោកគ្រូនាយកបានដាក់វេនសម្អាតដល់សិស្សប្រចាំថ្នាក់នីមួយៗ ពិសេសបានដាក់វិន័យមិនឲ្យសិស្សយកថង់ប្លាស្ទិកចូលក្នុងថ្នាក់រៀនទេ។ សិស្សភាគច្រើនចូលរួមអនុវត្ត ធ្វើឲ្យបរិវេណទីធ្លាសាលា គ្មានប្លាស្ទិកចោលរាយប៉ាយទៀតទេ។នាយិការងសាលាវិទ្យាល័យ និងបឋមសិកស្សា ហ៊ុន សែន ត្រសេកកោង លោកស្រី ស៊ឹម មករា បានប្រាប់ឲ្យដឹងថា ជាងមួយឆ្នាំមកនេះ បញ្ហាការប្រើប្រាស់ថង់ប្លាស្ទិកត្រូវបានរិតបន្តឹង សាលាបានណែនាំដល់សិស្ស និងអ្នកលក់ដូរចំណីអាហារ ឲ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឲ្យបានច្រើនបំផុត។ ជាលទ្ធផល ជាងមួយខែ ដែលសាលាបានដាក់ឲ្យអនុវត្តយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក” ការគ្រប់គ្រង់សំរាម និងថង់ប្លាស្ទិកសម្រេចបាន៨០%។ លោកស្រីនាយិការរងសង្ឃឹមថា ទៅថ្ងៃមុខសំរាម ពិសេសថង់ប្លាស្ទិក នឹងមិនត្រូវបាន គេចោលរាយប៉ាយដូចមុនទៀតទេ។
សាលាវិទ្យាល័យ និងបឋមសិក្សា ហ៊ុន សែន ត្រសេកកោង មានសិស្សានុសិស្សសរុបជិតពីរពាន់នាក់ ក្នុងនោះសិស្សបឋមមានជាង៥០០នាក់ និងសិស្សវិទ្យាល័យមានចំនួន១៣៨៥នាក់។ តាមរយ:ការយល់ដឹង និងការចូលរួមរបស់សិស្ស សាលាសង្ឃឹមថាយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស់ស្ទិក” នឹងត្រូវបានយល់ដឹងដល់ប្រជាពលរដ្ឋនៅតាមភូមិ ពិសេសអាណាព្យាបាលសិស្ស ហើយនឹងមានការចូលរួមអនុវត្តទាំងអស់គ្នា៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments