ថ្លែងនៅក្នុងដំណើរចុះបេសកកម្មរបស់ប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភា មកកាន់ខេត្តកំពតនារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកជំទាវ ឡោក ខេង គណៈកម្មការទី៨ នៃរដ្ឋសភាបានគូសបញ្ជាក់ថា ជំងឺមិនឆ្លង សំដៅលើជំងឺរ៉ាំរ៉ៃ ដែលមានរយៈពេលយូរ ហើយវិវឌ្ឍន៍លូតលាស់យឺតៗ តែអាចបណ្តាលឱ្យមានការស្លាប់យ៉ាងឆាប់រហ័ស។ ជំងឺមិនឆ្លងមានដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺតម្រងនោមរ៉ាំរ៉ៃ ជំងឺពុកឆ្អឹង ជំងឺវង្វេងភ្លេចភ្លាំង ជំងឺតានតឹងផ្លូវចិត្តជាដើម។ មូលហេតុចម្បង នៃជំងឺមិនឆ្លង មានពីរកត្តាសំខាន់ គឺទី១. កត្តាចំណីអាហារ(ហូបបារី ទទួលទានគ្រឿងស្រវឹង ភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងកំប៉ុងផ្សេងៗ អាហារមានជាតិខ្លាញ់ច្រើន និងកង្វះកាយវប្បកម្ម (ធ្វើលំហាត់ប្រាណ)ជាដើម និងកត្តាទី២ គឺបរិស្ថានរស់នៅមិនស្អាត ។
លោកជំទាវបានគូសបញ្ជាក់ថា តាមការស្រាវជ្រាវរបស់អ្នកជំនាញ នៅឆ្នាំ២០១៦ បានរកឃើញថា ក្នុងមួយថ្ងៃ ប្រជាពលរដ្ឋខ្មែរ ១៦៤នាក់ បានស្លាប់ដោយសារជំងឺមិនឆ្លងនេះ ហើយបច្ចុប្បន្ន អង្គការសុខភាពពិភពលោកបានបញ្ជាក់ថាជំងឺនេះកំពុងមានការកើនឡើងគួរឲ្យព្រួយបារម្ភ។លោកជំទាវប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា បានណែនាំដល់អាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធត្រូវខិតខំជួយផ្សព្វផ្សាយ និងចូលរួមប្រយុទ្ធជាមួយជំងឺមិនឆ្លងនេះ ព្រោះជំងឺនេះបង្កហានីភ័យ ដល់អាយុជីវិត និងសេដ្ឋកិច្ចសង្គម។ ជាងនេះទៅទៀត លោកជំទាវបានអំពាវនាវដល់គ្រប់មណ្ឌលសុខភាពទាំងអស់ ត្រូវជួយឆ្លៀតពេល ផ្សព្វផ្សាយ ពន្យល់ដល់ពលរដ្ឋទាំងអស់ឲ្យបានយល់ដឹង និងចូលរួមប្រយុទ្ធជាមួយនឹងជំងឺមិនឆ្លង ដើម្បីឆ្លើយតបតាមការចង់បានរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ។
0 Comments